សត្វ​ខ្ទីង​ដែលជា​ប្រភេទ​សត្វ​កម្រ​នៅ​កម្ពុជា​ត្រូវបាន​ព្រានព្រៃ​សម្លាប់​និង​ពន្លះសាច់​ជា​ដុំៗ​

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០–​សត្វ​ខ្ទីង​ដែលជា​ប្រភេទ​សត្វ​កម្រ​នៅ​កម្ពុជា​ដែល​ជាប់អន្ទាក់​ត្រូវបាន​ព្រានព្រៃ​សម្លាប់​និង​ពន្លះសាច់​ជា​ដុំៗ​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​មន្ត្រី​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ប្រទះឃើញ​នៅ​ថ្ងៃទី​២៣ ខែ មិថុនា ឆ្នាំ​២០២០ នេះ​អំឡុងពេល​ចុះ​ល្បាត​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ខេត្តពោធិ៍សាត់​។ នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិ​ការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា នេះ ដោយ​ឯកឧត្តម​បានបង្ហាញ​ការ សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​សត្វ​ខ្ទីង​មួយ​ក្បាល​នេះ និង​ថ្កោលទោស​ចំពោះ​ក្រុម​ជនល្មើស​ដែល​តែង​តែង​លួច​ប្រព្រឹត្ត​បទល្មើស​ដាក់​អន្ទាក់​សត្វ និង​បរបាញ់​សត្វ​កម្រ បើទោះបីជា​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ការពារ​អភិរក្ស បង្កើន​ការផ្សព្វផ្សាយ អប់រំ កុំឱ្យ​បរបាញ់​សត្វព្រៃ​យ៉ាងណាក៏ដោយ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បានដឹង​ឬ​ស្គា​ល់ពី​អត្ត​សញ្ញា​នៃ​ជនល្មើស​ជួយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា ក្រុម​ជនល្មើស​បាន​រត់គេចខ្លួន​បាត់​នៅពេលដែល​ដឹងថា​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើរល្បាត​នៅក្នុង​តំបន់​នោះ ដោយ​បន្សល់ទុក​នូវ​សាច់សត្វ​ខ្ទីង​ដែល​បាន​ពន្លះ​ជា​ដុំៗ​បម្រុង​នឹង​ដឹក​ចេញ​។
​តាម​ការបញ្ជាក់​របស់​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន សត្វ​ខ្ទីង​ដែល​ត្រូវបាន​សម្លាប់ នេះ​មាន​ជើង​ជាប់អន្ទាក់ ហើយ​ស្នែង​របស់​វា​ត្រូវបាន​គេ​កាត់​យកទៅ​បាត់ បន្សល់ទុក​ក្បាល និង​សាច់​ជាច្រើន​គីឡូក្រាម​។ «​នេះ​គឺជា​សត្វ​ខ្ទីង​ទី​២ ហើយ​ដែល​ត្រូវបាន​ដឹងថា​បាន​ស្លាប់​នៅក្នុង​រយៈពេល ២ ខែ​ចុង​ក្រោយនេះ​។ ខ្ទីង​ពេញវ័យ​មួយ​ក្បាល​អាយុ​ប្រហែល ៥ ឆ្នាំ ត្រូវ​បានដឹងថា​ត្រូវបាន​ព្រាន​បាញ់សម្លាប់ ដោយ​បន្សល់ទុក​តែ​ក្បាល​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​នៅក្នុង​ខេត្តព្រះវិហារ​កាលពី​ខែឧសភា​កន្លងទៅ​»​។​

​នេះ​គឺជា​ការឱ្យ​ដឹង​របស់​ឯក​ឧ​ត្ត​ម​នេត្រ ភក្ត្រា ជាមួយ​ការបញ្ជា​ក់ថា អន្ទាក់​និង​កាំភ្លើង​កែច្នៃ គឺជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ​នៅ​កម្ពុជា ជា​រៀងរាល់​ដែល​ចាំបាច់​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប​កុំឱ្យ​មានការ​យក​ចូលក្នុង​តំបន់ការពារធម្មជាតិ​។ ឯកឧត្តម​បាន​ថ្លែងថា អន្ទាក់​ជាង​មួយ​ម៉ឺន​ត្រូវបាន​ដោះ​ចេញពី​តំបន់ការពារធម្មជាតិ និង​កាំភ្លើង​រួម​នឹង​កាំភ្លើង​កែច្នៃ​ជាង ៣០០ ដើម​ត្រូវបាន​រឹបអូស​នៅក្នុង​រយៈពេល ៤ ខែ​ដើមឆ្នាំ ២០២០ នេះ​។​
​យោងតាម​ជីវសាស្ត្រ សត្វ​ខ្ទីង​អាច​រស់នៅ​បាន​ពី​តំបន់​ទំនាប រហូតដល់​រយៈកម្ពស់​ខ្ពស់​រហូតដល់​កម្ពស់​ជាង ២០០០ ម៉ែត្រ ហើយ​សត្វ​ខ្ទីង​រស់នៅក្នុង​តំបន់​មួយចំនួន​ដូចជា​ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្តកោះកុង ពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង​ក្នុង​ខេត្តកំពង់ស្ពឺ​ជាដើម​។ សត្វ​ប្រភេទ​នេះ​ចូលចិត្ត​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ និង​វាលស្មៅ ហើយ​សត្វ​ខ្ទីង​តែងតែ​ចេញ​រកស៊ី​នៅពេល​ព្រឹក​និង​ពេល​ល្ងាច​។
​សត្វ​ខ្ទីង​ចូលចិត្ត​រស់នៅ​ជា​ហ្វូង ហើយ​អាហារ​របស់​វា​គឺ​ល្បះ​ខ្ចី ទំពាំង ស្មៅ និង​វ​ល្លិ៍​ជាដើម​។ សត្វ​ខ្ទីង​ញី​អាច​បង្កើតកូន​បាន​១​បន្ទាប់ពី​ពពោះ​រយៈពេល​៩​ខែ​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា សត្វ​ខ្ទីង​ជា​ប្រភេទ​សត្វ​កម្រ ដែល​ងាយ​ទទួលរង​ការគំរាមកំហែង​យ៉ាងខ្លាំង ហើយ​ចំនួន​សត្វ​ខ្ទីង​ត្រូវបាន​គេ​ដឹងថា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​សត្វព្រៃ​ងាយ​រងគ្រោះថ្នាក់​ជាស​កល​នៅ​ឆ្នាំ​១៩៨៦ ហើយ​នៅ​ឆ្នាំ ២០១៦ សត្វ​ខ្ទីង​នៅលើ​ពិភពលោក​មាន​ចំនួន​ប្រមាណ ២១០០០ ក្បាល​ដែល​រស់នៅ​ក្នុងប្រទេស ឥណ្ឌា​និង​តំបន់​អាស៊ីអាគ្នេយ៍​។ សត្វ​ខ្ទីង​ញី​អាចមាន​ទម្ងន់​រហូតដល់​ជិត ១ តោន ខណៈ​ខ្ទីង​ឈ្មោល​អាចមាន​ទម្ងន់​ដល់​១​តោន​កន្លះ​។ ចំនួន​សត្វ​ខ្ទីង​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់​ដោយសារតែ​ការបាត់បង់​ទីជម្រក ជាពិសេស​គឺ​ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង​និង​ការជួញដូរ​ផ្សេងទៀត​។ សត្វ​ខ្ទីង​ស្ថិតនៅក្នុង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស​។​

​ដើម្បី​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ​ជាពិសេស​សត្វព្រៃ​កម្រៗ​នៅលើ​ពិភពលោក​ដែលមាន​វត្ត មាននៅ​កម្ពុជា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការបរិភោគ សាច់សត្វ​ព្រៃ និង​កុំ​ជឿថា​បរិភោគ​សាច់សត្វ​ព្រៃ​ផ្តល់នូវ​សុខភាព​ល្អ​។ ជាមួយគ្នានេះ សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង អនុវត្ត​ច្បាប់​ប្រឆាំងនឹង​ជនល្មើស​សម្លាប់សត្វ​ដោយ​មិន​លើកលែង​ឡើយ​។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បាន​ស្នើ សុំ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ និង​សូម​និយាយថា ទេ​ចំពោះ​ការជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ ព្រមទាំង​ចូលរួម​រាយការណ៍​ប្រាប់​សមត្ថកិច្ច ប្រសិនបើ​ឃើញ​មានការ​បរបាញ់​សត្វ ការដាក់​អន្ទាក់​ចាប់​សត្វ និង​ចូលរួម​បណ្តុះ​ស្មារតី​ក្មេងៗ​ជំនាន់​ក្រោយ​ស្រឡាញ់​ធនធានធម្មជាតិ និង​សត្វព្រៃ​ដើម្បី​ផលប្រយោជន៍ សម្រាប់​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ បង្កើន​ចំណូល​ប្រជា​សហគមន៍​មូលដ្ឋាន កាត់បន្ថយ​និង​លុបបំបាត់​របរ ចូល​ព្រៃ​កាប់​ឈើ​និង​បរបាញ់​សត្វ ឬ​ដាក់​អន្ទាក់​ចាប់​សត្វ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​ប្រកប​របរ​ដែល​ប្រឈម​នឹង​មុខ​ច្បាប់​នេះ​៕ គង់ សិរី​រ័ត្ន​