អជ្ញាធរខេត្តក្រចេះ គ្រោងសាងសង់ផ្ទះសសរ១០០ឡើងវិញនៅក្បែរនៅបរិវេណវិហារបុរាណវត្តរការកណ្តាល ក្រោយបញ្ចប់ការរុះរើរួច

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
MC៖ អជ្ញាធរខេត្តក្រចេះ គ្រោងសាងសង់ផ្ទះសសរ១០០ឡើងវិញនៅពេលឆាប់ៗនេះ នៅក្បែរបរិវេណវិហារបុរាណវត្តរការកណ្តាល ស្ថិតនៅក្រុងក្រចេះ ក្រោយបញ្ចប់ការរុះរើរួច ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានឃើញនូវផ្ទះបុរាណខ្មែរដ៏កម្រ ដែលមានរចនាបថខ្មែរសុទ្ធសាធ ដែលមានអាយុកាលរាប់រយឆ្នាំ។

លោកស្រី ហ៊ុក ផល្លីនី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ផ្ទះសសរ១០០នេះ ចាប់ផ្តើមរុះរើជាបណ្តើរៗហើយ ចេញពីទីតាំងដើម ស្ថិតនៅភូមិកោះកណ្ដុរ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីយកទៅសាងសង់ឡើងវិញ នៅក្នុងទីតាំងថ្មី ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទុកសម្រាប់ធ្វើការអភិរក្ស ដែលស្ថិតក្នុងបរិវេណខាងលិច វិហារបុរាណវត្តរការកណ្តាលក្រុងក្រចេះ។ លោកស្រីបញ្ជាក់ថា គម្រោងសាងសង់ផ្ទះនេះឡើងវិញគ្រោងចំណាយពេលវេលាយ៉ាងតិច៦ខែ ដើម្បីសាងសង់ទៅតាមរចនាបថដើមទាំងស្រុង ទុកសម្រាប់សាធារណៈជនចូលទស្សនា ជាពិសេបង្ហាញឲ្យកូនចៅជំនាន់ក្រោយបានឃើញ ផ្ទះបុរាណខ្មែរ រចនាបថខ្មែរសុទ្ធសាធដែលមានសសរហូតទៅដល់១០០ដែលមិនធ្លាប់មាន។
«សំឡេង៖ បច្ចុប្បន្ននេះផ្ទះសសរ១០០នេះ យើងកំពុងរុះរើ តែមិនបានឆាប់នោះទេ ព្រោះផ្ទះនឹងយើងត្រូវថែរក្សាតាមរចនាបថដើមទាំងស្រុង ព្រោះយើងមិនឱ្យមានការបាក់បែកនោះទេ នៅពេលដែលយើងរុះរើហើយយើងនឹងយកមកសាងសង់នៅកន្លែងបេតិកភណ្ឌមួយជិតវត្តអាគាចាស់វិហារបុរាណវត្តរការកណ្តាលនៅខាងលិចដែលមានក្បូក្បាច់រចនាស្អាត ដែល ជាដីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលបានអភិរក្ស ដែលយើងបានចុះបញ្ជីតាំងពីឆ្នាំ២០១០មក អញ្ចឹងយើងនឹងសង់នៅនឹង ឱ្យប្រមូលផ្ដុំជាមួយវត្តរកាកណ្តាលតែម្ដង ហើយបច្ចុប្បន្ននេះយើងជួលជាងរុះ នឹងធ្វើឡើងវិញត្រឹម ៤០សសរសិន បន្ទាប់មកក្រសួងនឹងរៀបចំធ្វើឱ្យគ្រប់ ១០០តែម្តង ហើយផ្ទះនេះមុននឹងយើងនោះយើងបានយកមន្ត្រីបុរាណវិទ្យាមួយក្រុមគូរប្លង់ផ្ទះនេះទាំងស្រុង ធ្វើឲ្យគ្រប់សសរ១០០ ដើម្បីឲ្យគេដឹងថាផ្ទះនិងមានសសរ១០០ កុំឲ្យគេថាផ្ទះសសរ១០០តែបែរជាមានសសរត្រឹម៤០ទៅវិញ។»
លោកស្រី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានបញ្ជាក់ទៀតថា ក្រោយពីការសាងសង់ផ្ទះបុរាណនេះរួចរាល់ មន្ទីរនឹងរៀបចំចងក្រឯកសាររបស់ផ្ទះបុរាណនេះ ដើម្បីដាក់តាំងបង្ហាញភ្ញៀវទេសចរដែលបានមកទស្សនា បានដឹងពីប្រវត្តរបស់ផ្ទះចំណាស់មួយនេះ ដែលមានសសរច្រើនរហូតទៅដល់១០០ ដែលបានបន្សល់ទុកពីសម័យមុន។
សូមបញ្ជាក់ថា ផ្ទះសសរ១០០ ស្ថិតនៅភូមិកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានចាប់ផ្តើមរុះរើកាលពីថ្ងៃ២១ ខែមិថុនា កន្លងទៅនេះ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្របសម្រួលជាមួយម្ចាស់ផ្ទះ ដោយបានប្រគល់ថវិកាមួយចំនួនទៅឲ្យម្ចាស់ផ្ទះ ដើម្បីធ្វើការរុះរើផ្ទះបុរាណនេះ ទៅធ្វើការសាងសង់ឡើងវិញ។ ផ្ទះបុរាណសសរ១០០នេះ មានអាយុកាលជាង២០០ឆ្នាំ ដែលកាលពីដើមផ្ទះបុរាណនេះ មានឈើប្រណីតចំនួន១០០ដើមប៉ុន្តែកាលពីសម័យប៉ុលពត បានរុះរើល្វែងមុខ នឹងល្វែងវែងក្រោយអស់ខ្លះ ហើយមកដល់សព្វថ្ងៃនេះ នៅ សល់ត្រឹម ៤០ដើមប៉ុណ្ណោះ៕