រាជរដ្ឋាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកញុះញង់បង្កបញ្ហាដល់សង្គមនិងខាតបង់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា.៖លោកជួន បូណា

ភ្នំពេញ៖រាជរដ្ឋាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណាមានចេតនា ញុះញង់បង្កបញ្ហាដល់សង្គម និងខាតបង់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត ដើម្បីធានានិរន្ដរភាពក្នុងវិស័យការងារ និងសន្ថិសុខសណ្ដាប់ធ្នាប់សាធារណៈ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាបានណែនាំដល់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា កងកម្លាំងមានសមត្ថកិច្ច បន្តចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាដែលមានចេតនាធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ បង្កជាអំពើហិង្សា បិទផ្លូវសារធារណៈ ការគប់ឬវាយបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ឯកជន ការរាំងមធ្យោបាយដឹកជញ្ជូនទំនិញរបស់រដ្ឋ ឬឯកជន ការបង្ករបួសស្នាម ការគំរាមគំហែងកម្មករមិនឱ្យចូលធ្វើការជាដើម។
ថ្លែងក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នាព្រឹកថ្ងៃទី២៣ ខែមិថុនានេះ នៅទីស្តីការក្រសួងការងារ ឯកឧត្តមអិត សំហេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កម្លាំងមានសមត្ថកិច្ច មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ត្រូវបន្តចូលរួមសហការគ្នាឱ្យបានកាន់តែជិតស្និតថែមទៀត ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយ នូវសំណូមពរ ការទាមទារដែលអាចទទួលយកបានស្របតាមច្បាប់ និងបទបញ្ញតិជូនដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវចុះជួបជាប្រចាំជាមួយកម្មករនិយោជិតនៅតាមតំបន់ផ្ទះជួល ឬស្នាក់នៅរបស់កម្មករនិយោជិត ដើម្បីក្តាប់ឱ្យបាននូវស្មារតី ស្ថានភាពរស់នៅ បញ្ហាថ្លៃបន្ទប់ ថ្លៃអគ្គិសនី ថ្លៃទឹកស្អាត និងសំណូមពររបស់កម្មករនិយោជិត ព្រមទាំងពិនិត្យហានិភ័យនានា ដែលអាចកើតមានចំពោះកម្មករនិយោជិតនៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួន។ ផ្តល់លេខទូរស័ព្ទទំនាក់ទំនងរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងករណីកម្មករនិយោជិតត្រូវការប្រើប្រាស់សេវាផ្នែកច្បាប់ផងដែរ៕