សម្ដេចក្រឡាហោម ស ខេង ចាត់ទុកផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ជាផែនទីបង្ហាញផ្លូវ សម្រាប់ឆ្នាំបន្ដបន្ទាប់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០–

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានចាត់ទុកថា ផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គលេខាធិការ ដ្ឋានក្រសួងមហាផ្ទៃ ជាផែនទីសម្រាប់បង្ហាញផ្លូវក្នុងឆ្នាំបន្តបន្ទាប់ និងដោះស្រាយបញ្ហា​ប្រឈមនានា ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំឆ្លងផែនការ សកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន​ពន្ធ​នាគារ និងអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅ​ទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា  ថ្វីត្បិត​តែ​យើងមិនអាចអនុវត្តន៍តាមផែនការសកម្មភាពបានទាំងស្រុង ប៉ុន្តែផែនការសកម្មភាពនេះ​ចាត់ទុកជាផែនទីសម្រាប់បង្ហាញផ្លូវនាឆ្នាំបន្តបន្ទាប់ ហើយសម្រាប់បញ្ហាប្រឈមនានា យើងសង្ឃឹមថា អាចដោះស្រាយបាននៅឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ខាងមុខ។

សម្ដេច​ក្រឡា​ហោមបានលើកឡើងថា អង្គភាពពាក់ព័ន្ធនានាកំពុងយកចិត្តទុកដាក់ ដើម្បីពង្រឹង​រដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពបំពេញការងារមានប្រសិទ្ធភាព។ សម្ដេចក្រឡា​ហោមបាន​ស្នើឱ្យអង្គភាព និងអគ្គនាយកដ្ឋានពាក់ព័ន្ធ ខិតខំប្រឹងប្រែងពង្រឹងគុណ​ភាព​អង្គភាព តាមរយៈគុណភាពមន្ត្រី ដោយប្រឹងប្រែងពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់​ខ្លួន។

សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះអគ្គនាយកដ្ឋានទាំងពីរ ដែល​បានខិតខំប្រឹងប្រែងរៀបចំផែនការសកម្មភាពនេះឡើង ហើយអគ្គនាយកដ្ឋានពាក់ព័ន្ធ ផ្សេង​ទៀត ត្រូវខិតខំប្រឹងប្រែងរៀបចំ និងអនុវត្តន៍ផែនការសកម្មភាពប្រចាំឆ្នាំ២០២០របស់ ខ្លួនឱ្យមានប្រសិទ្ធភាពផងដែរ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា គោលបំណង និងគោលដៅនៃផែនការសកម្មភាព អគ្គ​លេខាធិការដ្ឋាន ផ្ដោតសំខាន់ទៅលើការរៀបចំកែសម្រួលរបៀបរបបការងារ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីធានាប្រសិទ្ធភាព និងចីរភាពនៃប្រព័ន្ធប្រតិបត្តិការ ពិសេស​ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ការលើកកម្ពស់គុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ និងការលើកកម្ពស់ទំនាក់ទំនង ក៏ដូច​ជាកិច្ច សហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយក​ដ្ឋានពន្ធនាគារបានថ្លែងថា ផែនការសកម្មភាពឆ្នាំ២០២០ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ពន្ធនាគារ ត្រូវបានរៀបចំឡើងផ្អែកលើមូលដ្ឋានសំខាន់ៗ រួមមាន៖ យុទ្ធសាស្ដ្រចតុកោណ​ដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល, ក្របខ័ណ្ឌគោលនយោបាយ កំណែទម្រង់​ពន្ធនាគារ ក្រសួងមហាផ្ទៃ ផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់​អគ្គនាយកដ្ឋានពន្ធនាគារ រចនាសម្ព័ន្ធតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដូចមាន​ចែងក្នុងអនុក្រឹត្យ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ ទិសដៅការ​ងារ​ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចេញក្នុងពិធីសន្និបាត កាលពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០៕ ដោយ ៖ប៊ុនរិទ្ធ