ដំណាំបន្លែសុវត្ថិភាពរបស់កសិករនៅខេត្តសា្វយរៀងកំពុងមានទីផ្សារល្អ

វិទ្យុជាតិកម្ពុជា៖ ស្រីផល
MC៖ ដំណាំបន្លែសុវត្ថិភាពដាំក្នុងផ្ទះសំណាញ់ ដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណក់ទឹកនៅក្នុងខេត្តសា្វយរៀង កំពុងមានទីផ្សារល្អ ប្រជាពលរដ្ឋអាចលក់បានក្នុងតំលៃសមរម្យជួយសម្រួលដល់ជីវភាព ។

លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសា្វយរៀង បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រៅពីការធ្វើស្រែចម្ការ ប្រជាពលរដ្ឋ ងាកមកធ្វើការដំាដុះដំណាំបន្លែសុវត្ថិភាពបន្ថែម ដែលដំណាំនេះ ប្រជាកសិករបានកាត់បន្ថយការចំណាយថ្លៃដើមច្រើន ប្រើពេលខ្លី ទទួលបានទិន្នផលខ្ពស់ ងាយស្រួលស្វែងរកទីផ្សារ មិនចំណាយកម្លាំងពលកម្មច្រើន និងមានការគាំទ្រខ្លាំងពីសំណាក់អ្នកបរិភោគ។
លោកបានបន្តថា ការដំាដំណាំបន្លែសុវត្ថិភាពនេះប្រជាពលរដ្ឋ បានធ្វើការដាំជាបណ្តុំផង និងជាលក្ខណះគ្រួសារផង ដែលការដាំនេះក៏មាន ខាងមន្ទីរចុះទៅអប់រំ ផ្តល់បច្ចេកទេសដាំដុះ និងការធ្វើផ្ទះសំណាញ់ដល់កសិករ ដើម្បីឲ្យពួកគេអនុវត្តបច្ចេកទេសនេះទទួល បានជោគជ័យ។
លោកបន្តថា ដំណាំបន្លែសុវត្ថិភាពទាំងអស់ដែលប្រជាកសិករបានដាំនេះរួមមាន៖ ត្រកួន ស្ពៃ ផ្ទី សណ្តែក ត្រសក់ ននោង និងម្រះជាដើម ក្នុងនោះពួកគាត់បាន យកទៅលក់ខ្លួនឯងផង និងមានឈ្មួញមកទិញដល់កន្លែងផងដោយផ្លែត្រសក់,ម្រះ,និងននោង លក់បានតំលៃ១៥០០រៀល ក្នុងមួយគីឡូក្រាម ។
សម្លេង៖« និយាយជារួម អាហ្នឹងគេចូលចិត្តប្រមូលទិញ ក្នុងការទិញ ដូចជាការយកទៅប្រើប្រាស់ ដូចជានៅអ៊ីអន ក្រុងបាវិតអញ្ចឹងទៅ មានគេកម្មង់ទិញ តាមដែលយើងចុះកុងត្រាជាមួយគ្នា ឬកិច្ចសន្យាជាមួយគ្នា ហើយយើងមានសហគមន៍មួយ គឺសហគមន៍សាក់ គាត់អ្នកនាំផលិតផលហ្នឹងនាំទៅទីផ្សារ ហើយនៅក្នុងឃុំវាលហ្នឹង ក៍ដូចជាផ្សារជីភូ គេមានបើកផ្សារលក់ របស់កសិករនៅភូមិ យើងរកទីតាំងឱ្យគាត់ ហើយកសិកម្មនៅថ្ងៃខាងមុខ យើងនឹងរៀបចំកន្លែងលក់មួយដែរ ដែលយើងកំពុងតែសិក្សា»។
លោកបញ្ជាក់ថា ក្រៅពីផ្តល់បច្ចេកទេស ទំនើបដល់ប្រជាពលរដ្ឋ មន្ទីរកសិកម្មខេត្តស្វាយរៀង ក៏បានចងជាបណ្ដុំអាជីវកម្ម ដើម្បីងាយស្រួលក្នុងការលក់ចេញទៅកាន់ទីផ្សារ ធ្វើយ៉ាងណាធានាបាននូវតម្លៃទាំងអ្នកលក់ និងអ្នកទិញ។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ងាកមកបរិភោគបន្លែសុវត្ថិភាព ដែលមិនប្រើប្រាស់ជីគីមីនេះ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងមានតម្លៃសមរម្យ៕