ក្រសួងសាធារណការ និងអ្នកពាក់ព័ន្ធបើកយុទ្ធនាកាផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ

វិទ្យុជាតិកម្ពុជា ៖ លោក សីផុន ហុងគ្រី
មណ្ឌលគិរី៖ក្រសួងសាធារណការនិងដឹកជញ្ជូនបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកំរិតទាប។

ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា យុទ្ធនាការនេះ គោលបំណង ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យយកចិត្តទុកដាក់និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប។

ជាមួយគ្នានោះលោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នាដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម។
សូមញ្ជាក់ ក្នុងយុទ្ធនាការនេះ មានការរៀបចំជាកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានការសួរ និងឆ្លើយសំណួរអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីទទួលបានមួកសុវត្ថិភាព និងឱ្យយុវជនរៀនប្រើប្រាស់កម្មវិធីអប់រំអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលជាកម្មវិធីមួយដ៏ងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋអាចធ្វើការរៀនសូត្រអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រលងសាកល្បងសមត្ថភាពរបស់ខ្លួន ព្រមទាំងការចែកជូននូវឯកសារមួយចំនួនដូចជាសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងខិតប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍និងស្ទីកឃ័រចំណាំងផ្លាត៕