ប្រទេសចិនផ្តល់ជំនួយសម្ភារការពារជំងឺកូវីដ១៩តម្លៃប្រមាណ៨ម៉ឺន៥ពាន់ដុល្លារដល់ក្រសួងមហាផ្ទៃកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាប្រគល់ជំនួយឧបត្ថម្ភសម្ភារការពារជំងឺកូវីដ១៩តម្លៃប្រមាណ៨ម៉ឺន៥ពាន់ដុល្លារដល់ក្រសួងមហាផ្ទៃកម្ពុជាដើម្បីចូលរួមទប់ស្កាត់នឹងការពារការរីករាលដាលនៃជំងឺប្រភេទថ្មីនេះឱ្យមានប្រសិទ្ធិភាព។

កាលពីរសៀលថ្ងៃ ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់ជូនជំនួយឧបត្ថម្ភសម្ភារការពារជំងឺកូវីដ១៩របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ភារការពារជំងឺកូវីដ១៩ ដែលក្រសួងសន្តិសុខសាធារណៈប្រគល់ជូនក្រសួងមហាផ្ទៃកម្ពុជានាឱកាសនេះ រួមមាន វែនតាវេជ្ជសាស្រ្តចំនួន៥០០ឈុត, ស្រោមដៃពេទ្យចំនួន១០០០០គូ, ម៉ាស់KN95ចំនួន១០០០០ម៉ាស់, ម៉ាស់វេជ្ជសាស្រ្តចំនួន៥០០០០ម៉ាស់ និងសម្លៀកបំពាក់ការពារវេជ្ជសាស្រ្តពេទ្យចំនួន៥០០ឈុត។ សម្ភារទាំងនេះមានតម្លៃប្រមាណ៦សែនយ៉ន់ ឬស្មើនឹងប្រមាណ៨ម៉ឺន៥ពាន់ដុល្លារអាមេរិក​។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអរគុណ និងអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការប្រឹងប្រែងទទួលបានជ័យជំនះយ៉ាងត្រចាស់ត្រចង់លើការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងបានមានប្រសាសន៍ទៀតថាសម្ភារដែលមិត្តចិនបានប្រគល់ជូនពេលនេះ ពិតជាបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ និងគិតគូរមកដល់ប្រទេសកម្ពុជាដែលជាមិត្ត ដើម្បីចូលរួមប្រយទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

សម្ដេចបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈស្មារតីជួយគាំទ្រគ្នាទៅវិញទៅមកនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរដែរ ហើយក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការជាមួយភាគីចិន និងស្ថានទូតចិន ក្នុងការគាំទ្រលើកិច្ចការផ្សេងៗដែលនៅក្រោមសមត្ថកិច្ចក្រសួង។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានមានប្រសាសន៍

ថាសម្ភារប្រគល់ជូនក្រសួងមហាផ្ទៃនៅពេលនេះ ថ្វីដ្បិតតែមានចំនួនមិនច្រើន ប៉ុន្តែឯកឧត្តមសូមឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច ដែលថាជំនួយសម្ភារៈទាំងនេះ បានស្ដែងពីទឹកចិត្តរបស់ប្រជាជនចិន និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះប្រជាជន និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ ក៏ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតែបន្តដំណើរការជាប្រក្រតី និងបន្តមានវឌ្ឍនភាពល្អប្រសើរ ពិសេសឆ្លុះបញ្ចាំងតាមរយៈការរួមចំណែករបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជួយឧបត្ថម្ភនូវធនធាន រួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ នៅពេលជំងឺនេះបានចាប់ផ្ដើមកើតមានជាលើកដំបូង៕