មន្ត្រីជំនាញបរិស្ថានខេត្តសៀមរាបអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសព្រៃលិចទឹក

វិទ្យុជាតិកម្ពុជា៖ លោក  អេង យូ

មន្ត្រីជំនាញផ្នែកបរិស្ថានខេត្តសៀមរាបបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសព្រៃលិចទឹកដើម្បីទុកជាកន្លែងសម្រាប់ត្រីពងកូននិងជាជម្រកសត្វផ្សេងៗ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

   លោកអ៊ិន សុខា អនុប្រធានការិយាល័យចំណេះដឹងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានសំណូមពរឱ្យ ប្រជាពលរដ្ឋត្រូវតែបញ្ឈប់រាល់សកម្មភាពកាប់ទន្ទ្រាន និងឈួសឆាយតំបន់ព្រៃលិចទឹកទាំងនោះយកធ្វើជាកម្មសិទ្ធិ ឬធ្វើស្រែចម្ការបន្តទៀត ព្រោះវាជាជម្រកសត្វរស់នៅ និងជាតំបន់ទេសចរណ៍ដ៏សំខាន់ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា ការកាប់រានដីព្រៃលិចទឹកគឺជាបទល្មើសខុសច្បាប់ដែលអាជ្ញាធរ និងសមត្ថកិច្ចជំនាញ កុំ ចាត់វិធានការទប់ស្កាត់យ៉ាងសកម្ម និងចាប់ជនល្មើសទៅផ្តន្ទាទោសតាមច្បាប់ទៀតផង។

សំឡេង៖ « ប្រជាពលរដ្ឋគួរកាត់បន្ថយកាប់បំផ្លាញព្រៃលិចទឹក ព្រោះរដូវនេះជារដូវបិទនេសាទ បើសិនប្រជាពលរដ្ឋនៅតែកាប់បំផ្លាញគឺធ្វើអោយបាត់បង់ធនធានយើងច្រើនណាស់ ពាក់ព័ន្ធតាំងពីត្រីពងកូន និងសត្វព្រៃ តំបន់អស់ហ្នឹងបើសិនយើងកាប់ព្រៃអស់តើសត្វហ្នឹងវាបាត់បង់ត្រីពូជពងកូនច្រើនណាស់ ចឹងហើយពីមួយឆ្នាំទៅមួយឆ្នាំ ព្រៃលិចទឹកនេះយើងត្រូវអភិរក្ស និងការពារវាអោយបាន បើសិនការពារវាមិនបានធ្វើបាត់បង់ត្រីពងកូន។បញ្ហានេះសំខាន់ណាស់សម្រាប់ពលរដ្ឋនិងអាជីវករ កាលណាតំបន់នោះមានព្រៃច្រើន និងមានទេសចរណ៍ទៅលេង ធ្វើអោយពួកគាត់អាចប្រកបមុខរបរបបាន មានចំណូល បើសិនព្រៃបាត់បង់ធ្វើអោយប៉ះពាល់យើងទាំងអស់គ្នា ចឹងហើយសំណូមពរប្រជាពលរដ្ឋចូលរួមការពារព្រៃអោយបានទាំងអស់គ្នា»។

លោកអ៊ិន សុខា បានបន្ថែមទៀតថា ដើម្បីទប់ស្កាត់រាល់សកម្មភាពនៃការកាប់បំផ្លាញព្រៃលិចទឹកនេះ ខាងមន្ត្រីជំនាញមន្ទីរបរិស្ថានខេត្ត បានបិទផ្សាយជាផ្ទាំងប៉ាណូផ្សេងៗ ហាមឃាត់ប្រជាពលរដ្ឋ ដោយមានមន្ត្រីឧទ្យានុរក្សការពារតាមតំបន់នីមួយៗទៅតាមផ្នែករបស់ខ្លួន និងមានវិធានការណ៍អនុវត្តច្បាប់ជាដើម។

យោងតាមច្បាប់ស្តីពីទប់ស្កាត់បទល្មើសធនធានធម្មជាតិ បានចែងថាជនណាដែលកាប់រានដីព្រៃលិចទឹក និងត្រូវប្រឈមការផាកពិន័យជាប្រាក់ពី១០លានដល់២០លានរៀល។

សូមជម្រាបថានៅខេត្តសៀមរាបតំបន់ប្រើប្រាស់យ៉ាងបឹងទន្លេសាបមានផ្ទៃដីសរុបចំនួន៧៧,៧០៣ហិកតា ដោយគ្រប់បណ្តប់ជាប់និងបណ្តាក្រុង/ស្រុកចំនួន៦ មានដូចជា៖ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកជីក្រែង ស្រុកសូទ្រនិគមន ស្រុកពួក និងស្រុកក្រឡាញ់៕