ក្រុងប៉េកាំង៖ សម្ពាធអតិបរិមាទៅលើអ៊ីរ៉ង់នឹងមិនអាចដោះស្រាយការព្រួយបារម្ភ ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់បានទេ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយដោយអធិប្បាយទៅលើសេចក្តីថ្លែងការណ៍ថ្មីមួយរបស់បណ្តាប្រទេសនៅអឺរ៉ុបថា ការដាក់សម្ពាធអតិបរិមាទៅលើទីក្រុងតេហេរ៉ង់ នឹងមិនជួយអ្វីទាំងអស់ក្នុងការដោះស្រាយស្ថានការណ៍ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយនឹងមិនលុបបំបាត់ការព្រួយបារម្ភរបស់ភាគីណាមួយឡើយ។

អ្នកការទូតរូបនេះបាននិយាយថា «យើងបានកត់សម្គាល់ឃើញថា បណ្តារដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង ៣ នៅអឺរ៉ុប បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការរក្សា JCPOA [ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ] នឹងបានអំពាវនាវឱ្យមានការអនុវត្តពេញលេញនូវដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លេខ ២២៣១ [ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់]។ សម្ពាធអតិបរិមានឹងមិនអាចជួយដោះស្រាយកង្វល់របស់ភាគីដែលពាក់ព័ន្ធនឹងបញ្ហាអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានទេ»។

យោងតាមរូបលោកបានឱ្យដឹងថា ការប៉ុនប៉ងផ្តួចផ្តើមយន្តការជាឯកតោភាគីសម្រាប់ការដាក់ទណ្ឌកម្មជាថ្មីយ៉ាងឆាប់រហ័សនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ និងផ្ទុយពីកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ JCPOA ។

លោកបាននិយាយបន្ថែមថា «ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នាជាមួយសហគមន៍អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ ដើម្បីគោរពយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់ JCPOA និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គាំទ្រពហុភាគីនិយម និងលើកកម្ពស់ដំណោះស្រាយនយោបាយ និងការទូតចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)