ប្រទេសឥណ្ឌាបង្កកគម្រោងចិនចំនួន៣ ដែលមានតម្លៃ ៦៦៧លានដុល្លារអាមេរិក នៅរដ្ឋ Maharashtra ចំពេលដែលមានភាពតានតឹងនៅតាមព្រំដែន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០​ — កងទ័ពឥណ្ឌាចំនួន ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយអំពើហិង្សាដែលបានផ្ទុះឡើងនៅជ្រលងភ្នំ Galwan នៃតំបន់ Ladakh កាលពីថ្ងៃទី១៥ ខែមិថុនា។ ចាប់តាំងពីពេលនោះមក ក្រសួងផ្លូវដែក និងក្រសួងទូរគមនាគមន៍នៃប្រទេសឥណ្ឌាបានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនចិនមួយចំនួន។

ដោយសារភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសចិន ឥណ្ឌាបានបង្កកគម្រោងវិនិយោគចំនួន ៣ របស់ចិនដែលមានតម្លៃ ៦៦៧លានដុល្លារអាម៉េរិក នៅរដ្ឋ Maharashtra របស់ឥណ្ឌា។ គម្រោងទាំងនេះត្រូវបានដាក់ឱ្យអនុវត្តតាមសេចក្តីបង្គាប់របស់ក្រសួងកិច្ចការខាងក្រៅរបស់ឥណ្ឌា។

គម្រោងទាំងនោះរួមមាន កិច្ចព្រមព្រៀងរោងចក្រផលិតរថយន្តធំមួយ និងគម្រោងអេឡិចត្រូនិច​ចល័ត។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរបស់ឥណ្ឌា លោក Subhash Desai បាននិយាយថា «ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលសហភាព។ គម្រោងទាំងនេះត្រូវបានចុះហត្ថលេខាមុនពេលមានករណីសម្លាប់កងទ័ពឥណ្ឌា ២០នាក់នៅតាមព្រំដែនឥណ្ឌូចិន។ ក្រសួងកិច្ចការខាងក្រៅបានណែនាំមិនឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយបន្ថែមទៀតជាមួយក្រុមហ៊ុនចិនទេ»។

គម្រោងដែលត្រូវបានជាប់គាំងរួមមាន អនុស្សរណៈយោគយល់គ្នាជាមួយទឹកប្រាក់ចំនួន ៥០២លានដុល្លារអាមេរិកជាមួយក្រុមហ៊ុន Great Wall Motors (GWM) និងគម្រោងអេឡិចត្រូនិកចល័តចំនួន ១៣៣លានដុល្លារអាមេរិកជាមួយក្រុមហ៊ុន Foton (ប្រទេសចិន) ។ ក្រុមហ៊ុន GWM ត្រូវបង្កើតរោងចក្រផលិត រថយន្តមួយនៅតំបន់ Talegaon ក្បែរទីក្រុង Pune របស់ឥណ្ឌា។

យោងតាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Foton (ប្រទេសចិន) ក្រុមហ៊ុននេះត្រូវបង្កើតអង្គភាពមួយនៅរដ្ឋ Maharashtra ។ ការវិនិយោគទីបី គឺមកពីក្រុមហ៊ុនឧស្សាហកម្ម Hengli របស់ប្រទេសចិន ដែលបានប្តេជ្ញាចិត្តវិនិយោគនៅក្នុងរដ្ឋនេះ។ ជាការគួរឱ្យចាប់អារម្មណ៍ កិច្ចព្រមព្រៀងសម្រាប់ការវិនិយោគទាំងនេះត្រូវបានចុះហត្ថលេខាពីរបីថ្ងៃមុនពេលការប៉ះទង្គិចគ្នានៅតាមព្រំដែន។

កិច្ចសន្យាវិនិយោគទាំងនេះត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសិង្ហបុរី នៅឯកិច្ចប្រជុំតែមួយក្នុងអំឡុងពេលដែលកិច្ចព្រមព្រៀងនានា របស់ចិនត្រូវបានចុះហត្ថលេខា៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)