មន្ត្រីជាន់ខ្ពស់នៃសហគមន៍សង្គម-វប្បធម៌អាស៊ាន បើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ិនធើណេត

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២២ ខែមិថុនា កិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការមន្រ្តីជាន់ខ្ពស់សម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន ( SOCA ) ត្រូវបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ ក្រោមការដឹកនាំរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ( MoLISA ) ។

កិច្ចប្រជុំនេះមានការចូលរួមពីប្រធានគណៈប្រតិភូ SOCA នៃប្រទេសជាសមាជិក អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួង MoLISA និងប្រធាននៃគណៈប្រតិភូ SOCA របស់ប្រទេសវៀតណាម លោក Nguyen Manh Cuong បានឱ្យដឹងថា ឆ្នាំ 2020 ជាឆ្នាំសំខាន់មួយសម្រាប់ប្លុកនេះ ខណៈដែលការងារឯកទេសទាំងអស់របស់ខ្លួនត្រូវបានពិនិត្យឡើងវិញសម្រាប់សកម្មភាពអនុវត្តនៅក្នុងរយៈពេលបច្ចុប្បន្ននេះ និងរៀបចំការងារបង្កើតផែនការសម្រាប់ដំណាក់កាលបន្ទាប់ ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ។

លោកបាននិយាយថា ឆ្នាំនេះក៏ជាឆ្នាំពិសេសផងដែរសម្រាប់សកម្មភាពសង្គម និងវប្បធម៌ ព្រោះរដ្ឋជាសមាជិកទាំងអស់បានរងគ្រោះដោយសារជំងឺកូវីដ-១៩ ដោយលោកបានកត់សម្គាល់ថា ជំងឺរាតត្បាតនេះបានជះឥទ្ធិពលមិនត្រឹមតែសុខភាពប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេទៀតផង ជាពិសេសសម្រាប់បណ្តាក្រុមងាយរងគ្រោះ។

លោក Cuong បានកត់សម្គាល់ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ប្រទេសវៀតណាមបាន នឹងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន និងបណ្តាប្រទេសជាសមាជិកដទៃទៀត ដើម្បីអនុវត្តសកម្មភាព និងគំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតនេះ ដែលត្រូវនឹងប្រធានបទដែលត្រូវបានអនុម័តនៃ «ភាពស្អិតរមួត និងការទទួលខុសត្រូវ»។

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)