ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យក្រុមហ៊ុន អ្នកឧកញ៉ា ពុង ខៀវសែ ជួយស្តារបឹងជើងលោង ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
MC៖ ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យក្រុមហ៊ុន របស់អ្នកឧកញ៉ា ពុង ខៀវសែ ជួយស្តារបឹងជើងលោង ឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅខេត្តកណ្តាលនិងខេត្តតាកែវ ឲ្យកាន់តែមានប្រភពទឹកគ្រប់គ្រាន់សម្រាប់​​ការងារបង្កបង្កើនផល។

ក្នុងឱកាសអញ្ជើញ ពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២២ មិថុនានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា បឹងជើងលោងជាប្រភពនៃការដោះស្រាយទឹក សម្រាប់កសិករធ្វើស្រែចំការ និងប្រើប្រាស់ផ្សេងៗ ក្នុងស្រុក២នៃខេត្តតាកែវ និងខេត្តកណ្តាល១ស្រុកផងដែរ។

សម្តេចបានណែនាំឲ្យក្រុមហ៊ុន របស់អ្នកឧកញ៉ា ពុង ខៀវសែ ជីកយកអាចម៍ដី ពីបឹងជើងលោក មកសាងសង់ព្រលានយន្តហោះ និងមួយផ្នែកទៀត ដើម្បីយកផ្ទៃបឹងនោះ សម្រាប់បញ្ចៀសទឹកជំនន់ ពីស្ទឹងព្រែកត្នោត នៅរដូវវស្សាផងដែរ។

សំឡេង៖ «វាជាប្រភពនៃការដោះស្រាយទឹកសម្រាប់កសិករធ្វើស្រែប្រាំង នៅតំបន់ ពត់សរ និងផ្នែកមួយចំនួននៃ​ស្រុកព្រៃកប្បាស ហើយវាធ្លាក់មកជាតំបន់ នៃការធ្វើស្រែប្រាំងតាំងពីក្រាំងយ៉ូវរហូតមក​ដល់ទន្លេបាសាក់របស់​យើងនេះ ចឹងយើងត្រូវតែស្តុកទឹកឲ្យបានច្រើននៅទីនោះ យើងកំពុងតែត្រូវការរកអាចម៍ដី ចឹងការយកអាចម៍ដីពីក្នុងអាង យកមកចាក់ធ្វើព្រលានយន្តហោះជាផលចំនេញរបស់ក្រុមហ៊ុន ហើយក៏ជាផលចំនេញរបស់រដ្ឋនិងប្រជាជនផងដែរ។ ហើយបឹងជើងលោងមិនមែនគ្រាន់តែជួយដោះស្រាយបញ្ហាប្រភ​ពទឹកសម្រាប់ស្រោចស្របតែមូយមុខទេ ដែលបឹងនេះជាប្រភពនៃការជញ្ជៀសទឹកជំនន់ព្រែកត្នោត ព្រោះយូរៗម្ដងជំនន់ព្រែកត្នោតនឹងកើតមានឡើង ជំនន់ព្រែកត្នោតគឺវាធ្លាក់ទៅក្នុងទន្លេបាសាក់ប៉ុន្តែប្រសិនបើទឹកទន្លេបាសាក់វាខ្ពស់ដែរ ពេលដែលមានទឹកជំនន់ទៅ តើវាទៅណា? អញ្ចឹងយើងត្រូវបញ្ជៀសឲ្យវាចុះទៅបឹងជើងលោង នៅពេលដែលបឹងជើងលោងវាជ្រៅ វានឹងបង្កើតបាននូវការស្តុកត្រីរបស់យើង វានិងធន់នឹងធំធាត់នៅក្នុងបឹងនោះ»៕