រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាជម្ងឺកូវីត-១៩បានផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋខ្មែរ

វិទ្យុជាតិកម្ពុជា៖ ស្រីផល
MC៖ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាជម្ងឺកូវីត-១៩ បានផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានតាំងពីយូរណាស់មកហើយ មកជាទម្លាប់ថ្មីមួយទៀត។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញ ទៅពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នាព្រឹកថ្ងៃទី២២ ខែមិថុនា ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ភាគខាងត្បូង រាជធានីភ្នំពេញថា ក្នុងស្ថានការណ៍ ដែលជំងឺឆ្លងកូវីដ១៩កំពុងរាតត្បាតនៅទូទាំងពិភពលោក ក៍ដូចជាប្រទេសកម្ពុជាយើង ជម្ងឺនេះបានផ្លាស់ប្តូរទម្លាប់របស់ប្រជាពលរដ្ឋ ឲ្យចេះមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ដូចជា ការពាក់ម៉ាស់ ការលាងដៃឱ្យបានញឹកញាប់ និងការនៅឆ្ងាយដាច់ពីគ្នា ដែលប្រជាជនកម្ពុជា មិនដែលធ្លាប់បានធ្វើកន្លងមក បែរជាមានការយល់ដឹង ពីកិច្ចការពារខ្លួន ពីជម្ងឺជាច្រើនមិនថាឡើយជម្ងឺកូវីដ១៩នោះទេ។
សម្លេង៖ យើងច្បាស់លាស់ហើយថា ឥឡូវកូវីតដាក់ឲ្យយើង នៅសភាពការមួយមិនច្បាស់លាស់ បញ្ហាស្ថិតនៅត្រង់ថា តើកូវីតនឹងបញ្ចប់នៅពេលណា ហើយកូវីតនឹងមានអ្វីកើតឡើងនៅពេលខាងមុខបន្ថែមទៀត រហូតទៅដល់កូវីតបានផ្លាស់ប្ដូរឥរិយាបថរបស់មនុស្ស ដែលមានរាប់រយរាប់ពាន់ឆ្នាំហើយនោះ ហើយក្លាយទៅជាទម្លាប់ថ្មីហើយ ឧទាហរណ៍កាលពីមុនកូវីដ តើយើងមាននាំគ្នាពាក់ ម៉ាស់ទេ? ហើយតើយើងមានអង្គុយអោយឃ្លាតឆ្ងាយពីគ្នាទេ? វាអត់មាន កាលមុនកូវីតតម្រូវឲ្យយើងលាងដៃ នូវអាល់កុល នូវសាប៊ូច្រើនប្រភេទវាអត់មានទេ។ អញ្ចឹងទេក៏វាបានផ្លាស់ប្ដូរឥរិយាបទរបស់មនុស្សហើយ រាប់ទាំងមុនចេញដំណើរទៅណាត្រឡប់មកវិញ បើថាចេញដំណើរទៅក្រៅប្រទេសត្រឡប់មកវិញត្រូវដាក់ខ្លួនឯងឲ្យនៅ១៤ថ្ងៃដាច់ពីគេ ដែលប្ដីនិងប្រពន្ធធ្លាប់តែមកដល់ភ្លាម ជួនកាល បើថាមានកូនធំបន្តិច ឱ្យកូនទៅទិញស្ករគ្រាប់ ដើម្បីឲ្យបានជួបប្រពន្ធបានរហ័ស ប៉ុន្តែឥឡូវនេះ មកដល់ផ្ទះហើយ ប្រពន្ធត្រូវនៅដោយឡែក កូនត្រូវនៅដាច់ដោយឡែក ឪពុកនៅដោយឡែក កូវីតបានផ្លាស់ប្ដូរឥរិយាបថបែបនេះ៕