រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញអោយប្រពន្ធ័ផ្សព្វផ្សាយ ផ្សាយពីគោលនបាយថ្មី របស់រាជរដ្ឋាភិបាលជួយឧបត្ថម្ភគ្រួសារងាយរងគ្រោះដោយសារជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញអោយប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សាយឲ្យបានទូលំទូលាយ ពីគោលនបាយថ្មី របស់រាជរដ្ឋាភិបាល ក្នុងជួយការឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។
ក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញអោយ ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ ជាពិសេសប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវចូលរួមផ្សាយពីគោលនបាយថ្មី របស់រាជរដ្ឋាភិបាល ស្តីពីការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ។
យោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ បានគូសបញ្ជាក់ថា គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ត្រូវទទួលបានប្រាក់ឧបត្ថម្ភ ក្នុងលក្ខខណ្ឌ ក្រ កម្រិត១(ក្រខ្លាំង) និង ក្រ កម្រិត២(ក្រមធ្យម) ត្រូវបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះរបស់ខ្លួន នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ក្នុងកំឡុងពេល ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅឃុំ ឬសង្កាត់ ។ ចំនួនទឹកប្រាក់ដែលត្រូវផ្តល់ជូនក្នុងមួយខែ មានពី១ម៉ឺន៦ពាន់រៀល ទៅ១២ម៉ឺនរៀល ។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយកផែនការ នៃក្រសួងផែនការ បានបញ្ជាក់ថា ជំហ៊ានដំបូងនៃការស្រាវជ្រាវ បានរកឃើញប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ខ្លាំង មានចំនួនប្រមាណ ៥៦២,៦៨៦ គ្រួសារ ដោយគិតជាចំនួនមនុស្សមានប្រមាណជិត ២លាន ៣ សែននាក់។
ពិធីប្រគល់អំណោយនេះ នឹងប្រព្រឹត្តិនៅថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅទីស្តីការនាយករដ្ឋមន្ត្រី ក្នុងទឹកប្រាក់ប្រមាណ២៥លានដុល្លារ សម្រាប់ប្រជាពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារ៕