អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ជូនដំណឹង ស្តីពីការចុះអនុវត្តដីកាសម្រេចដែលមានអនុភាពអនុវត្តតាមផ្លូវច្បាប់

(ភ្នំពេញ)៖ សាលាអាជ្ញានៃសាលាដំបូងខេត្តព្រះសីហនុ លោក ឡា​ ប៊ុនហួន បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះអនុវត្តដីកាសម្រេចដែលមានអនុភាពអនុវត្តតាមផ្លូវច្បាប់។ សាលាអាជ្ញានៃសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅក្នុងការអនុវត្តដីកាសម្រេចនេះ អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ បានចុះអនុវត្តដីកាសម្រេចចំនួនពីរដងរួចមកហើយ គឺលើកទី១ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ និងលើកទី២ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ប៉ុន្តែការអនុវត្តទាំងពីរខាងនេះមិនទាន់សម្រេចបាន ១០០% នោះទេ ហើយគណៈកម្មការសម្រេច នឹងបន្តនីតិវិធីអនុវត្តដោយបង្ខំនៅពេលក្រោយ ដើម្បីឱ្យតតិយជនឈ្មោះ យូ ចន្ថា រុះរើរោង និងសំណង់ចេញពីទីតាំងដីកម្មសិទ្ធិរបស់ម្ចាស់បំណុល ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្តុ។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ បាញ់ សៀមអាន ដែលមានមេធាវីតំណាងដោយអាណត្តិ បានដាក់ពាក្យសុំបន្តនីតិវិធីអនុវត្តដោយបង្ខំលើដីកាសម្រេចនេះ គោរពជូនលោកប្រធានសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបញ្ជូនឲ្យអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីអនុវត្តដោយបង្ខំលើដីកាសម្រេចខាងលើឲ្យបានឆាប់រហ័ស ។

ម្ចាស់បំណុលនៃការអនុវត្តបានអះអាងថា តតិយជនឈ្មោះ យូ ចន្ថា បានគេចវេស បដិសេធ ការសម្របសម្រួល ដែលតតិយជន យូ ចន្ថា ខ្លួនឯងផ្ទាល់បានស្នើសុំ ហើយថែមទាំងមិនព្រមផ្តិតមេដៃទទួលស្គាល់លើកំណត់ហេតុចុះអនុវត្តថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដែលបានបញ្ជាក់ឲ្យឃើញថា តតិយជន យូ ចន្ថា ជាបុគ្គលដែលមិនអាចជឿទុកចិត្តបាន ដែលធ្វើឲ្យម្ចាស់បំណុលនៃការអនុវត្តកាន់តែមានការព្រួយបារម្ភណ៍យ៉ាងខ្លាំង ចំពោះការទទួលបានសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់ខ្លួន មកវិញនាពេលអនាគត ។ ម្យ៉ាងវិញទៀត ការដែលមិនទាន់អនុវត្តបន្តលើដីកាសម្រេចនេះអោយចប់សព្វគ្រប់ គឺកាន់តែធ្វើឲ្យខូចខាតផលប្រយោជន៍ ក្នុងឋានៈជាកម្មសិទ្ធិករ ស្របច្បាប់របស់ម្ចាស់បំណុលនៃការអនុវត្តយ៉ាងធ្ងន់ធ្ងរ។

ដើម្បីជួយសម្រួលដល់តតិយជន យូ ចន្ថា ក្នុងនីតិវិធីអនុវត្តដីកាសម្រេចដោយស្ម័គ្រចិត្ត ដែលអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងឲ្យតតិយជន យូ ចន្ថា អនុវត្តដោយស្ម័គ្រចិត្តលើកទី៤ នេះ ម្ចាស់បំណុលនៃការអនុវត្តបានជួយផ្តល់នូវកម្លាំងកម្មករតាមតំរូវការ មានក្រុមជាងជំនាញ មធ្យោបាយដឹកជញ្ជូន និងឧបករណ៍ចាំបាច់ផ្សេងៗ ព្រមទាំងថវិកាចាំបាច់មួយចំនួន ក្នុងនីតិវិធីនេះ ក៏ប៉ុន្តែរហូតមកដល់ចុងខែមិថុនា ឆ្នាំ២០២០នេះ តតិយជន យូ ចន្ថា មិនបានធ្វើតាមលិខិតអនុវត្តដោយស្ម័គ្រចិត្តលើកទី៤នេះដដែល ។

ដូចនេះអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចបន្តចុះអនុវត្តដីកាសម្រេចនេះនៅចុងខែមិថុនា ឆ្នាំ២០២០ ដើម្បីធានានូវការទទួលបានយុត្តិធម៌ ក្នុងការអនុវត្តដីការសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុនេះ។