កម្ពុជា-ចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនៅថ្ងៃទី២៣ខែមិថុនេះ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២២ ០៦ ២០២០
MC៖

កម្ពុជា-ចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានទឹកប្រាក់ជាង៧លានដុល្លារអាមេរិក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រិតបត្តិការអន្ដរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ០៩:៣០ ព្រឹក នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ ។
សេចក្ដីប្រកាសដដែលបន្ថែមថា ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ នេះ គម្រោងកម្ពុជាចំនួន២០ ត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួន៧.២២៥.៤០០ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់ទៅលើសកម្មភាពនានាពាក់ព័ន្ធនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ការកសាងសមត្ថភាព ទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ ជាដើម៕