ក្រសួងទេសចរណ៍នឹងអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍នៅខេត្តសៀមរាបឱ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
Mc៖ ក្រសួងទេសចរណ៍នឹងអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍នៅខេត្តសៀមរាបឱ្យ ក្លាយជាសហគមន៍ អេកូទេសចរណ៍ដ៏ស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅកំសាន្តកាន់តែច្រើន។

ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ការបញ្ចូលសម្មភាពទេសចរណ៍មួយ ប្រកបដោយការ ទទួលខុសត្រូវវាអាចនឹងជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហគមន៍បានយ៉ាងច្រើន តាមរយៈការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ពិសេសវិធាន សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថានស្អាតក្នុងបរិបទនៃដំណាក់កាល Covid -19 នេះ។

ឯកឧត្ដមបន្តថា សម្រាប់បញ្ហាប្រឈមរបស់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នាពោធិ៍នេះ ដូចមានការលំបាក ខ្លាំងទៅលើបញ្ហាផ្លូវ ចូលទៅសហគមន៍ សេវាទូរស័ព្ទ អ៊ីនធើណែត អគ្គិសនីប្រើប្រាស់ បញ្ហាសំរាមជាដើម។ ឯកឧត្តមនឹងជួយស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហានេះផងដែរ។ ដោយឡែកសម្រាប់កំណាត់ផ្លូវ ដែលលំបាកខ្លាំងប្រវែង ៣គីឡូម៉ែត្រ ក្រសួងទេសចរណ៍នឹងជួយជួសជុលចំពោះមុខសិន។
សហគមន៍អេកូទេសចរណ៍ព្រៃតំបន់ទឹកជប់ខ្នារពោធិ៍ មានព្រំប្រទល់ខាងជើងជាប់នឹងឃុំត្បែង ស្រុកបន្ទាយស្រី ខាងត្បូងឃុំចាន់ស និងខាងលិចជាប់នឹងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខាងកើតជាប់ឃុំពពេល។ ឃុំនេះមានភូមិចំនួន ៨ភូមិ ស្ថិតនៅភាគខាងជើងផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីផ្លូវជាតិ និងមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
ព្រៃសហគមន៍តំបន់ទឹកជប់ខ្នារពោធិ៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយស្ម័គ្រចិត្ត និងមានការឯកភាពគ្នារបស់ប្រជាជនក្នុងភូមិទាំងអស់របស់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ព្រៃសហគមន៍នេះមានផ្ទៃដីសរុបប្រមាណ ១,០២២ហិកតា ដែលក្នុងនោះមានព្រៃកោងកាងភ្នំចំនួនប្រមាណ ៩០ហិកតា ដែលមានសក្តានុពលអាចរៀបចំបង្កើតជាកន្លែងទេសចរណ៍ថ្មីមួយដ៏ទាក់ទាញសម្រាប់ខេត្តសៀមរាប៕