សម្តេចតេជោហ៊ុនសែនបញ្ចេញប្រតិកម្មចំពោះក្រុមដែលរិះគន់ ការបញ្ជាទិញរថយន្តយោធា២៩០គ្រឿងគឺជាក្រុមតិរិច្ឆាន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា២២ ០៦ ២០២០
MC៖

សម្តេចតេជោហ៊ុនសែនបញ្ចេញប្រតិកម្ម ចំពោះក្រុមអគតិដែលរិះគន់ ការបញ្ជាទិញរថយន្តយោធា២៩០គ្រឿង ពីប្រទេសចិន ក្នុងដំណាក់កាលរីករាលដាល ជំងឺកូវីដ១៩ ជាក្រុមតិរិច្ឆាន ខណៈដែលរថយន្តទាំងនោះមានសារៈសំខាន់ណាស់ ក្នុងការបម្រើដល់វិស័យដឹកជញ្ជូន សម្រាប់យោធាផង និង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋផង ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា សម្តេចបានបញ្ជាទិញរថយន្តយោធា២៩០គ្រឿងពីប្រទេសចិន កាលពីពាក់កណ្តាលឆ្នាំ២០១៩ មកម្លេះ ដោយត្រូវមកដល់កម្ពុជានៅខែកុម្ភៈ ឆ្នាំ២០២០នេះ តែដោយសារតែការផ្ទុះជំងឺកូវីដ ១៩ ការបញ្ជូនទើបមកដល់នៅខែមិថុនានេះ ។
ថ្លែងក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ស្ថិតនៅ ក្នុងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ភាគខាងត្បូង រាជធានី ភ្នំពេញ សម្តេចតេជោបានមានប្រសាសន៍ថា ការបញ្ជាទិញរថយន្តយោធា ទាំង២៩០គ្រឿងដែលមានតម្លៃជាង២០លាន ដុល្លានោះ គឺជាថវិកាដែលប្រមូលបានមកពីសប្បុរសជននានា គឺមិនមែនយកថវិការដ្ឋទៅទិញនោះទេ។សម្តេចតេជោក៏បានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យឈានទៅដល់ការបញ្ជារទិញរថយន្ត យោធាទំនើបមកប្រើប្រាស់ ពីព្រោះកាលគ្រាត្រូវជម្លៀសប្រជាពលរដ្ឋនៅស្ទឹងត្រែង ដែលរងគ្រោះដោយការបាក់ទំនប់នៅប្រទេសឡាវ កាលពីឆ្នាំកន្លងទៅនោះគឺខ្វះមធ្យោបាយសម្រាប់ដឹកជញ្ជូនចេញពីកន្លែងទឹកជំនន់។សម្តេចតេជោបន្តទៀតថា រថយន្តយោធានោះក្រៅពីជួយដឹកជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់ រថយន្តយោធា ក៍ធ្លាប់ប្រើសម្រាប់ដឹកពលករដែលសម្រុកមកពីប្រទេសថៃកាលពីឆ្នាំ២០១៤ ផងដែរ និងបានជួយសង្គ្រោះនៅពេលបាក់រំលំអគារនៅក្រុងព្រះសីហនុ និង នៅខេត្តកែបជាដើម ។
សំឡេង« រថយន្តនេះយើងអត់ប្រើប្រាស់ថវិការដ្ឋសូម្បីមួយសេនប៉ុន្តែនយោបាយរបស់ខ្ញុំ គឺខឿនការពារជាតិរបស់ប្រជាជន អញ្ចឹងមិនមែនជារឿងថ្មីទេ ដែលហ៊ុនសែនបានធ្វើរឿងនេះជោគជ័យខ្លាំងណាស់ពេលមានសភាពការណ៍ម្តងៗ វិស័យឯកជនចូលរួមជួយកងទ័ពរហូតទៅដល់ក្រុមហ៊ុនខ្លះ ក៏ធ្វើសម្ព័ន្ធភាពជាមួយកងការពារព្រំដែន ។ អញ្ចឹងឥលូវប្រសិនបើគេមិនមែនជាតិរិច្ឆានទេ គេគួរតែសប្បាយចិត្តថា រថយន្តដែលបានបំពាក់ឲ្យកម្លាំងប្រដាប់អាវុធនេះ វាជាមធ្យោបាយជាតិ មិនគ្រាន់តែការការពារជាតិទេ តែការដឹកជញ្ជូននេះ ដឹកជញ្ជូនមនុស្ស រឺក៏ត្រូវដឹកជញ្ជូនទៅសង្រ្គោះបន្ទាន់នៅកន្លែងណាមួយ ដឹកកងទ័ពទៅសង្រ្គោះបន្ទាន់នៅកន្លែងណាមួយ គឺសុទ្ធតែត្រូវការរថយន្តទាំងអស់ រលំអាគារនៅខេត្តព្រះសីហនុនិងខេត្តកែប ។ កម្លាំងកងទ័ពចូលរួមជាស្នូលនៅប្រតិបត្តិការប៉ុន្តែពេលចល័តទ័ពត្រូវខ្វះមធ្យោបាយ ។ អញ្ចឹងទេបានជាខ្ញុំលៃជាមួយនិងសប្បុរសជននានា ប៉ុន្តែឥលូវហេតុអីបានជាមានវេទិកាទុកមូលពីរឿងរថយន្ត២៩០គ្រឿង នេះជាប្រភេទតិរិច្ឆាន ហើយមិនសុខចិត្តទេមករករឿងគណបក្សប្រជាជនកសាងអាគារ តែខ្ញុំប្រាប់ថាអ្នកឯងចង់ថាមិចថាទៅ ថ្ងៃទី២៨នេះគណបក្សប្រជាជននិងសូត្រមុនឡើងអាគារហើយ ចូលនៅអាគារហើយ » ៕