កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២១ ខែមិថុនា ក្រសួងការបរទេសវៀតណាមបានថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃទី២៦ ខែមិថុនា។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងធ្វើជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ និងកម្មវិធីពិសេសៗស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងយុគសម័យឌីជីថល។ លោកក៏នឹងធ្វើជាប្រធាននៃកិច្ចសន្ទនារវាងមេដឹកនាំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) តំណាងយុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលធុរកិច្ចអាស៊ាន (ASEAN-BAC) ផងដែរ ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Nganនឹងធ្វើជាតំណាងឱ្យប្រទេសវៀតណាមថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពិសេស ស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងយុគសម័យឌីជីថល ហើយអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ AIPA នឹងចូលរួមកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង AIPA ។

ឧបនាយករដ្ឋមន្រ្តីវៀតណាម និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh នឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ កិច្ចប្រជុំលើកទី២៦ នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងកិច្ចប្រជុំលើកទី២១ នៃក្រុមប្រឹក្សាសហគមន៍សន្តិសុខនយោបាយអាស៊ាន។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀណាម លោក Tran Tuan Anh នឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីនៃប្រទេសដែលចូលរួមក្នុងការចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ខណៈដែលរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung នឹងធ្វើជាប្រធាននៃកិច្ចប្រជុំលើកទី ២៣ នៃក្រុមប្រឹក្សាសហគមន៍វប្បធម៌-សង្គមអាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)