សសយក ស្រុកស្រីសន្ធររួមជាមួយអនុសាខាកាកបាទក្រហមស្រុកផ្ដល់អំណោយមនុស្សធម៌គ្រួសារខ្វះខាត និងផ្សព្វផ្សាយវិធានការការពារជំងឺ កូវីដ១៩

(កំពង់ចាម)៖ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក បានដឹកនាំគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក និងក្រុមយុវជន ស.ស.យ.ក ស្រុកស្រីសន្ធរ ចុះទៅសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនគ្រួសារជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ០៥គ្រួសារ និងចែកប័ណ្ណ សមធម៌(កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ) ដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រនៅក្នុងដំណាក់កាល ការឆ្លងរីករាលដាលនៃជំងឺ covid 19 នៅក្នុងឃុំទងត្រឡាច ចំនួន១៣គ្រួសារ ផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងផែនការដែលក្រុមការងារ ខេត្ត ស្រុក ឃុំ ទើបជ្រើសរើស និងវាយតម្លៃគ្រួសារក្រីក្រ ថ្មីក្នុងដំណាក់កាលCOVID 19 ។

សម្ភារៈផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥ គីឡូក្រាម មី១កេស ទឹកស៊ីអ៉ីវ១យួរ សម្ភារៈផ្ទះបាយមួយសម្រាប់ ម៉ាស អាល់កុល ខិតបណ្ណ័ និងថវិកាចំនួន ២០,០០០រៀល ។ ជាមួយនេះលោកអភិបាលស្រុកបានចូលបុណ្យទងត្រឡាចសម្រាប់កសាងសាលាឆាន់ថវិកា៣០០$ និងប្រគេនបច្ច័យចៅអធិការវត្ត២០ម៉ឺនរៀល និងលោក ម៉ម ណាំ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចូលបុណ្យវត្តថវិកា៥០$។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា តែងបាន ជួយអន្តរាគមន៍ដោះស្រាយ ទាន់ពេលវេលា និងបានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាជ្រាបថា÷ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ ត្រូវចាប់អារម្មណ៍ខ្ពស់ ចំពោះការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ជាចំបងជា ពិសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បី រួមគ្នា ការពារ ទប់ស្កាត់និងជៀសអោយផុត ពីការឆ្លងរាលដាល នូវជម្ងឺកូវីដ១៩ ដ៏កាចសាហាវ នេះ ៕