សត្វទន្សោងទី៦ ត្រូវបានប្រទះឃើញស្លាប់ក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ២២ ០៦ ២០២០ 

សត្វទន្សោងឈ្មោលមួយក្បាល ត្រូវបានរកឃើញស្លាប់ក្នុងសភាពស្អុយរលួយ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ននៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ 

    បើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បាន បញ្ជាក់ថា សត្វទន្សោងដែលបានស្លាប់ជាច្រើនថ្ងៃមកហើយនេះសង្ស័យត្រូវបានស្លាប់ដោយការបាញ់ដោយគ្រាប់កាំភ្លើងបាក់ឆ្អឹងជំនីចំនួន២ កាំនៅផ្នែកខាងឆ្វេង។

   ឯកឧត្តម មានប្រសាសន៍ថា នេះជាសត្វទន្សោងទី៦ ហើយដែលត្រូវបានស្លាប់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័នក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ សត្វទន្សោងទី៥ ដែល បានរកឃើញកាលពីថ្ងៃទី២៤ ខែឧសភា និងបានស្លាប់ដោយការជាប់អន្ទាក់របស់ព្រានព្រៃក្រោយពីការខិតខំជួយសង្គ្រោះជីវិតសត្វទន្សោងនេះពីពេទ្យសត្វខណៈ ទន្សោងញីឈ្មោលផ្សេងទៀតចំនួន ៤ ក្បាលបានស្លាប់ដោយជាប់អន្ទាក់ និងដោយសារអន្ទាក់ឆក់កាលពីដើមឆ្នាំ ២០២០។ 

    ឯកឧត្តម បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សត្វកម្រ ដោយសារស្នាដៃក្រុមព្រានព្រៃគ្មានក្តីមេត្តា ហើយបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធក្នុងនោះរួមមានមន្ត្រីឧទ្យានុរក្សនិងសហគមន៍ព្រៃសង្ឃរុក្ខវ័នបន្តសហការគ្នាស្អិតរមួតបន្ថែមទៀតដើម្បីរឹតបន្តឹងបន្ថែមលើការអនុវត្តច្បាប់ និងត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតចំពោះប្រជាពលរដ្ឋដែលចូលព្រៃដើម្បីដកហូតអនុផលព្រៃឈើផ្សេងៗដើម្បីកុំឱ្យពួកគាត់លួចលាក់អាវុធពិត ឬអាវុធកែច្នៃ អន្ទាក់ចូលទៅក្នុងព្រៃ ប្រព្រឹត្តបទល្មើសធនធានធម្មជាតិ បរបាញ់សត្វ និងដាក់អន្ទាក់សត្វ។ ឯកឧត្តមបានថ្លែងដោយអះអាងត្រូវបន្តស៊ើបអង្កេតស្វែងរកជនខិលខូចដែលប្រព្រឹត្តបទល្មើសបរបាញ់សត្វដាក់អន្ទាក់សត្វ ហើយស្នើសុំប្រជាពលរដ្ឋដែលបានដឹងព័ត៌មានពីជនបំផ្លាញសត្វព្រៃ ជួយផ្តល់ការ សហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីអនុវត្តច្បាប់។ 

    ចាប់តាំងពីខែមករាដល់ខែមិថុនានេះ សត្វទន្សោងយ៉ាងហោចចំនួន ១០ ក្បាលហើយដែលបានរកឃើញថា ស្លាប់ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលក្នុងនោះ ១ ក្បាលរកឃើញស្លាប់ដោយ ជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ។ ចំនួន ៦ ក្បាល (ឈ្មោល ៣ ក្បាល និងញី ៣ ក្បាល) ស្លាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ។ ២ ក្បាលស្លាប់ក្នុងតំបន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេចដោយសារការបាញ់សម្លាប់ និងកូនទន្សោងញី ១ ក្បាលរកឃើញស្លាប់ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរីដោយសារតែជាប់អន្ទាក់។ 

    តាមរបាយការណ៍សិក្សារបាយពីសត្វទន្សោង នៅក្នុងប្រទេសកម្ពុជា គឺមានចន្លោះពី ២៧០០ ទៅ ៥៧០០ ក្បាល។ ចំនួននេះបានធ្វើឱ្យប្រទេសកម្ពុជា ជាកន្លែងដែលមាន វត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈ ចំនួនសត្វទន្សោងសរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថាមានចន្លោះពី ៥៩០០ ទៅ ១១០០០ ក្បាលតែ

ប៉ុណ្ណោះ៕