អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសេសាន ខេត្តស្ទឹងត្រែងទទួលបានថវិកាជាង៩លានរៀលពីសប្បុរសក្នុងស្រុក

វិទ្យុជាតិកម្ពុជា​៖​ គឹមហឿន ស្ទឹងត្រែង ២១/០៦/២០២០

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសេសានខេត្តស្ទឹងត្រែង ទទួលបានថវិកាពីសប្បុរស ជន សរុបជាង៩លានរៀល ដើម្បីជួយដល់កាកបាទក្រហមកម្ពុជាខេត្តដើម្បី យកទៅបំរើវិស័យមនុស្សធម៌ សង្គ្រោះជនរងគ្រោះនិងជនងាយរងគ្រោះបានទាន់ពេលវេលា។
ក្នុងពិធីអបអរសាទរខួបលើកទី១៥៧ទិវាពិភពលោកកាកបាទក្រហម៨ឧសភា ដែលអាជ្ញាធរស្រុកសេសានបានប្រារព្វឡើងនៅខេត្តស្ទឹងត្រែងកាលពីថ្មីៗនេះ លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកនេះបានបញ្ចាក់ថា៖ ដើម្បីរួមចំណែកបំរើសកម្មភាពមនុស្សធ៌ម អនុសាខាកាកបាទក្រហមស្រុកសេសានទទួលបាន-ថវិកាសរុបជាង៩លានរៀលពីថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ស្រុក និងបងប្អូនអាជីវករ ប្រជាពលរដ្ឋក្នុងស្រុកសេសាន ។
លោកបន្តថា៖ការបរិច្ចាកធនធានតាមសទ្ធាជ្រះថ្លា ទោះបីតិច ឬច្រើនក្តី បានបង្ហាញពីទឹកចិត្តជួយគ្នាទៅវិញទៅមក សំរាប់យកទៅ បំរើឱ្យការងារមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋខេត្តស្ទឹងត្រែងរងគ្រោះដោយប្រការណាមួយ នៅក្នុងស្រុក និងនៅក្នុង ខេត្តរបស់យើង។
លោកសាយព្រលឹង ប្រធានទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ កាកបាទក្រហមខេត្ត តែងតែធ្វើសកម្មភាពសង្គ្រោះបានទាន់ពេលវេលាក្នុងការជួយប្រជាពលរដ្ឋដោយឥតរើសអើង នៅពេល ដែលបងប្អូន រងផលប៉ះពាល់ពីគ្រោះទឹកជំនន់- ខ្យល់ព្យុះ- ភ្លើងឆេះផ្ទះជាដើម។
លោកបន្តថា សម្រេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តែងតែបានពាំនាំនូវការសួរសុខទុក្ខ ពីចំងាយមកដល់បងប្អូន ប្រជាពលរដ្ឋយើងទាំងអស់គ្នា នឹងសូមឱ្យបងប្អូនរស់នៅ ថែរក្សាសុខភាពជាចំបង នឹងគោរពតាមក្រសួងសុខាភិបាលដែលបានណែនាំ ជាពិសេសបរិភោគទឹកស្អាត និងធ្វើអនាម័យឱ្យបានជាប្រចាំ។
សូមបញ្ជាក់ថា
ទិវាកាកបាទក្រហមកម្ពុជាឆ្នាំ២០២០នេះបានប្រារព្វឡើងក្រោមប្រធានបទ(ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា) សំរាប់គ្រប់ៗគ្នា បំរើការងារមនុស្សធម៌ ជួយប្រជាពលរដ្ឋយើងដោយឥតរើសអើង ក្នុងគ្រាមានអាសន្ន ឬជួបផលលំបាកក្នុងជីវភាពរស់នៅ ។