ក្រសួងការពារជាតិគ្រោងបង្កើតសារៈមន្ទីរនៅតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រនៃចំណុចចាប់ផ្តើមដំណើរចេញតស៊ូរបស់សម្តេចតេជោក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២០.០៦.២០២០

ក្រសួងការពារជាតិគ្រោងបង្កើតសារៈមន្ទីរនៅតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រ នៃចំណុចចាប់ផ្តើមដំណើរចេញតស៊ូរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយប្រមូលផ្តុំឯកសារសំខាន់ៗចាប់តាំងពីការតស៊ូរំដោះប្រជាជនកម្ពុជារហូតដល់បច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយដល់សាធារណៈជន ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍……………………………….
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការបង្កើតឲ្យមានសារៈមន្ទីរនេះមានសារៈសំខាន់ណាស់ ដើម្បីបន្សល់ទុកសំរាប់កូនចៅជំនាន់ក្រោយបានស្វែងយល់ពីការតស៊ូ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលះបង់ជីវិតជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនាំអោយប្រទេសជាតិមានសុខសន្តិភាព អភិវឌ្ឍលើគ្រប់វិស័យ និងប្រជាពលរដ្ឋរស់នៅដោយភាពសុខក្សេមក្សាន្ត។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បែបនេះក្នុងពិធីរំលឹកខួប៤៣ឆ្នាំនៃដំណើរឆ្ពោះ ទៅរកការផ្ដួលរលំ របបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី២០ខែមិថុនា ឆ្នាំ១៩៧៧ថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២០នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។
សម្តេចបានបញ្ជាក់ថា សារៈមន្ទីរនេះនឹងមានរៀបចំនូវឯកសារសំខាន់ៗ ទាក់ទងនឹងការតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមានការអភិវឌ្ឍរីកចម្រើនដល់សព្វថ្ងៃ ដោយមានថ្នាក់ដឹកនាំដ៏អង់អាចក្លាហាន សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដូរជីវិតក្នុងការស្វែងរកសន្តិភាព សង្គ្រោះជាតិ ចេញពីភាពខ្មៅងងឹតនិងមហន្តរាយនៃប្រជាជាតិ ។
សំឡេង ៖ យើងបានសម្រេចហើយថានឹងធ្វើសារៈមន្ទីរមួយនៅទល់ជាមួយនឹងសាលាកោះថ្មនេះតែម្ដង សារៈមន្ទីរមួយនេះនឹងរៀបចំទុកដាក់នូវខ្លឹមសារនិងប្រវត្តិទាំងឡាយ ដែលមានតាំងពីមុនមករហូតដល់យើងមានការរីកចម្រើនដល់សព្វថ្ងៃនេះ ជាមួយនឹងការស្ថាបនារៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់យើង។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត ៕