អ្នករើសសំរាមឬអេតចាយជិត៤០០គ្រួសារនៅទីលានចាក់សំរាម​ បានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន​និងសម្ដេចកិត្តិ​ តាមរយៈ​ ឯកឧត្តម​​ ឃួង​ ស្រេង​ ​និងលោកជំទាវ​

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

រាជធានីភ្នំពេញ៖ ឯកឧត្តម​ ឃួង ស្រេងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញនិងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានសម្ដែងនូវការកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរ រើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោ ដែលបានប្រឹងប្រែងរស់នៅ ដោយការរើសអេត ចាយ នៅទីលានចាក់សំរាមដើម្បីចិញ្ចឹមជីវិត ដោយមិនបានប្រព្រឹត្តបទល្មើសដែលខុសនឹងច្បាប់ បើទោះបីបងប្អូនមានការពិបាកក្នុងជីវភាពគ្រួសារយ៉ាងណាក្តី ។​ឯកឧត្តម​បន្តថា បងប្អូនអ្នករើសអេតចាយនៅទីលានចាក់សំរាម បានប្រកប ការរកស៊ីដោយសុច្ចរិតទៀងត្រង់ មិនប្រព្រឹត្តនូវបទល្មើស លួច ឆក់ ប្លន់ដែលជាបទល្មើសមួយខុសច្បាប់ឡើយ។ នេះពិតជាបានបង្ហាញអោយឃើញថា បងប្អូនជាប្រជាពលរដ្ឋល្អរស់នៅក្នុងសង្គមដ៏ត្រឹមត្រូវមួយ។

ឯកឧត្តម​ ឃួង ស្រេង បានបញ្ជាក់ទៀតថា ស្ថេរភាពនៅក្នុងសង្គម គឺផ្ដើមឡើងពីប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួម បើប្រជាពលរដ្ឋមិនបានចូលរួមក្នុងការរក្សាស្ថេរភាពសង្គមទេ សង្គមរបស់យើង ក៏មិនមានស្ថេរភាពល្អបានដែរ។

ឯកឧត្តម​ ឃួង ស្រេងក៏បានណែនាំដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរ រើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោទាំងអស់ ក្រោយបញ្ចប់ជម្ងឺកូវីដ–១៩ បងប្អូនត្រូវជំរុញកូនចៅឲ្យទៅសិក្សារៀនសូត្រនៅតាមសាលានានា ដោយហេតុថាកូនចៅរបស់បងប្អូននេះហើយ ជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិរបស់យើង ដូច្នេះត្រូវតែជំរុញការបណ្ដុះបណ្ដាលពួកគាត់ឲ្យមានចំណេះដឹងអោយបានខ្ពង់ខ្ពស់។
ការ​លេីកឡេីង​របស់​ ឯកឧត្ដម​ ឃួង​ ស្រេង​ បែបនេះ​ ក្នុងពេល ឯកឧត្តម​​ និង​លោក​ជំទាវ​ ជា ស៊ីណា ឃួង ស្រេង​ ចុះសួរសុខទុក្ខ សំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នករើសសំរាម ( អេតចាយ) ចំនួន៣៩៤គ្រួសារ ក្នុងទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ​ នាព្រឹក​ថ្ងៃ​ទី​២០ខែ​មិថុនា​ឆ្នាំ​២០២០​ ។​ អំណោយដែលបានប្រគល់ជូននេះរួមមាន៖ អង្ករ២៥គីឡូក្រាម មី០១កេសតូច ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ត្រីខកំប៉ុង០១ដុំ ម៉ាស់០១ដុំ ទឹកដោះគោកញ្ចប់១៨កញ្ចប់ និងថវិកាចំនួន៣០.០០០រៀលក្នុងមួយគ្រួសារ ដើម្បីរួមចំណែក និងកាត់បន្ថយការចំណាយក្នុងជីវភាពគ្រួសារបានមួយចំណែក៕