ក្រសួងសុខាភិបាលបន្តអនុវត្តវិធានការរឹតបណ្តឹងការត្រួតពិនិត្យសុខភាពនៅតាមច្រកព្រលានយន្តហោះចំនួន៣ទីតាំង

វិទ្យុជាតិកម្ពុជា ៖ វ៉ែន សុវុទ្ធី

ក្រសួងសុខាភិបាលបន្តអនុវត្តវិធានការរឹតបណ្តឹងការត្រួតពិនិត្យសុខភាពនៅតាមច្រកព្រលានយន្តហោះចំនួន៣ទីតាំង ដើម្បីទប់ស្កាត់ការនាំចូលនៃជំងឺកូវីដ ១៩ ខណៈរយពេលចុងក្រោយនេះបានរកឃើញករណីនាំចូលនៃជំងឺកូវីដ១៩ពីក្រៅប្រទេសចូលក្នុងប្រទេសកម្ពុជា ។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម………………..
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រាល់វិធានការនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅតែបន្តអនុវត្តការធ្វើចត្តាឡីស័កយ៉ាងខ្ជាប់ខ្ជួន នៅតាមច្រកប្រលានយន្តហោះចំនួនបីទីតាំងមានដូចជាច្រកព្រលានយន្តហោះអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប និងច្រកព្រលានយន្តហោះខេត្តព្រះសីហនុ ដើម្បីធ្វើយ៉ាងបង្ការនិងទប់ស្តាត់ឲ្យបានទាន់ពេលវេលានៃជំងឺកូវីដ១៩។
លោកជំទាវ បានឲ្យដឹងថា ក្រសួងបានចាត់មន្រ្តីជំនាញនិងរៀបចំកន្លែងធ្វើតេស្តជូនដល់បងប្អូនអ្នកធ្វើដំណើរទាំងអស់ហើយក្រោយពីការធ្វើតេស្តបងប្អូននិងភ្ញៀវអាចជ្រើសរើសនៅកន្លែងសម្រាក់ដើម្បីរង់ចាំយកលទ្ធផលក្នុងរយៈពេល២៤ម៉ោងដែលរៀបចំឡើងដោយក្រុមការងាររបស់ក្រសួងគឺគាត់អាចជ្រើសបាន។ម្យ៉ាងវិញទៀតប្រសិនបើបងប្អូននិងភ្ញៀវគាត់មានលទ្ធភាពសម្រាប់បង់ថ្លៃសណ្ឋាគារគឺគាត់អាចជ្រើសរើសទៅសណ្ឋាគារបានដោយគាត់បង់ថ្លៃសណ្ឋាគារ ដើម្បីរងចាំលទ្ធផលតេស្តរកមេរោគនៃជំងឺកូវីដ១៩។
(សំឡេង)៖នៅពេលដែលយើងទទួលបានលទ្ធផលតេស្តប្រសិនបើជើងហោះហើរណាមួយឬក្រុមណាមួយដែលចូលមកនេះ គាត់មានវិជ្ជមានម្នាក់ឬពីរនាក់ គឺក្រុមនោះ ចាំបាច់មិនអនុញ្ញាតឲ្យគាត់ទៅផ្ទះវិញទេ មានន័យថា គាត់ត្រូវបន្តធ្វើចត្តាឡឺស័កទាំងអស់គ្នា ហើយអ្នកដែលមានតែវិជ្ជមានវីរុស covit-19 ត្រូវបានបញ្ជូនទៅទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬក៏នៅសុខភាពចាក់អង្រែក្រោមទៅតាមការចាត់ចែងរបស់ក្រុមការងារ ហើយដោយឡែក អ្នកដែលមានអវិជ្ជមាននោះ គឺគាត់ត្រូវតែបន្តធ្វើចត្តាឡឺស័កឲ្យគ្រប់ចំនួន១៤ ថ្ងៃ ទៅតាមទីតាំងដែលរៀបចំឡើងដោយក្រុមការងារទៅ តាមការទទួលខុសត្រូវនៅទីនោះ ។
លោកជំទាវបានជំរុញឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង ព្រោះថាជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះ ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ បើគ្មានការចាំបាច់ទេ គួរតែកុំចេញទៅខាងក្រៅ ពិសេសត្រូវកាត់បន្ថយការប្រមូលផ្តុំនានា ។
សូជម្រាបថា រហូតដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ-១៩ នៅកម្ពុជា សរុបចំនួន១២៩នាក់ ហើយអ្នកសម្រាកព្យាបាលជំងឺ ចំនួន៣នាក់ និងអ្នកជាសះស្បើយ ចំនួន១២៦នាក់ ខណៈ កម្ពុជា គ្មានអ្នកស្លាប់ដោយសារជំងឺ កូវីដ-១៩ ឡើយ៕