រាជរដ្ឋាភិបាលប្រកាសរៀបចំទិវាចងចាំដំណើរ ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ឲ្យកាន់តែមានភាពអធឹកអធមជារៀងរាល់ឆ្នាំ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ20,06,2020MC៖

រាជរដ្ឋាភិបាលប្រកាសរៀបចំទិវាចងចាំដំណើរ ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ឲ្យកាន់តែមានភាពអធឹកអធមជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរំលឹកឡើងវិញ អំពីការពលីកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការយកជីវិតទៅប្តូរ ដើម្បីបញ្ចប់របបដ៏ឃោរឃៅ ហើយនាំមកនូវសន្តិភាពជូនមាតុភូមិរហូតមកសព្វថ្ងៃ។   អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

ថ្លែងក្នុងពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរលំ របបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ខែមិថុនា ឆ្នាំ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២០សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងប្រារព្ធធ្វើពិធីនេះ ឲ្យកាន់តែអធិកអធម ជាងពេលកន្លងទៅ ដោយត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរំលឹកពីការតស៊ូ ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ និងសមមិត្ត រួមដំណើរផ្សេងៗទៀត ដែលធ្វើឱ្យជីវិតប្រជាពលរដ្ឋខ្មែររស់រានមានសិទ្ធិសេរីភាពឡើងវិញ ហើយបាននាំមកនូវការបង្រួបបង្រួមជាតិ បិទបញ្ចប់ភ្លើងសង្គ្រាម និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។ 

«សំឡេង៖ យើងនឹងធ្វើជារៀងរាល់ឆ្នាំ ហើយឲ្យតម្លៃកាន់តែខ្ពស់ កាន់តែត្រដែតត្រដឹង ជាបន្តបន្ទាប់ជាងពេលណាទៀត ដែលមាតុភូមិរបស់យើងមានការអភិវឌ្ឍន៍រីកចម្រើនកាន់តែធំទូលំទូលាយ ហើយភាពល្បីរន្ទឺរបស់យើង គឺយើងត្រូវតែនឹកឃើញនូវគុណណូបការៈ នូវការតស៊ូ របស់អ្នកដែលបានចាប់ផ្ដើមកសាងជាតិ ក្នុងការតស៊ូរំដោះជាតិមាតុភូមិរបស់យើង រហូតមកដល់ពេលនេះ ហើយថ្ងៃក្រោយទៀតនៅឆ្នាំ ២០២២ ថ្ងៃ ២០ ខែមិថុនាខាងមុខនេះ ជាគម្រប់ខួប ៤៥ឆ្នាំ ច្បាស់ណាស់ ខ្ញុំនឹងបន្តធ្វើទៀតហើយនិងមានការអញ្ជើញដោយទូលំទូលាយប្រសិនបើមានការផ្លាស់ប្ដូរដោយមានអ្នកឧកញ៉ា អ្នកមានទាំងអស់ ត្រូវតែមកចូលរួមនៅទីនេះ ដើម្បីឲ្យបានដឹង បានឃើញ ដឹងឲ្យបានច្បាស់លាស់ អំពីគុណណូបការៈ របស់អ្នកដឹកនាំ ដែលយើងឲ្យឈ្មោះថា មគ្គុទេស ស្ថាបនិក អ្នកដឹកនាំប្រទេស អំពីការលំបាក តស៊ូដើម្បីប្រទេសនិងប្រជាជន។»

សម្តេចពិជ័យសេនាបញ្ជាក់ថា ទីតាំងកោះថ្ម ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃដំណើរឆ្ពោះទៅរកការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែល៤២ឆ្នាំមុននោះ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភក្នុងការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។

ទិវាចងចាំ ដំណើរឆ្ពោះទៅរកការផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត គឺជាថ្ងៃដែលយើងមិនអាចបំភ្លេចបាន នូវគុណណូបការៈ ដ៏ឧត្តុង្គឧត្តមចំពោះ វីរៈភាពដ៏អង់អាចក្លាហាន របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ព្រមទាំងវីរៈកម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារី និងប្រជាជន និងអ្នកស្នេហាជាតិ ដែលបានធ្វើមហាពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិ ពីកណ្តាប់ដៃរបបប្រល័យពូជសាសន៍ប៉ុលពត ដែលកាលនោះ សម្ដេចតេជោគ្រាន់តែជាមេបញ្ជាការទ័ពមួយរូប បានចេញដំណើរភាគខ្លួនទៅប្រទេសវៀតណាម ជាមួយនឹងមិត្តរួមអាវុធ ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិនិងជួយសង្គ្រោះបងប្អូនប្រជាជននិងសង្គមជាតិ ឲ្យរស់ឡើងវិញ រហូតមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ៕