ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ដើម្បីពង្រឹងសេដ្ឋកិច្ចរឹងមាំយូរអង្វែង លុះត្រាតែកម្ពុជា ត្រូវតែជាប្រទេសអ្នកផលិត

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ០៦ ២០២០
MC៖

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ដើម្បីពង្រឹងសេដ្ឋកិច្ចរឹងមាំយូរអង្វែងបាន លុះត្រាតែកម្ពុជាត្រូវតែជាប្រទេសអ្នកផលិត ដោយធ្វើយ៉ាងណាកាត់បន្ថយកុំឲ្យមានការនាំចូលពីបរទេស ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនដើម្បីប្រែក្លាយខ្លួនពីប្រទេសអ្នកហូប (ប្រទេសនាំចូលផលិតផលពីបរទេស) ទៅជាប្រទេសអ្នកផលិតវិញ ដើម្បីពង្រឹងសេដ្ឋកិច្ចរឹងមាំយូរអង្វែង។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសអ្នកផលិតទៅថ្ងៃអនាគត កម្ពុជាត្រូវតែខិតខំកែច្នៃផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ននេះថែមទៀត។
ឯកឧត្តមបន្ថែមថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសក្តានុពលក្នុងវិស័យកសិកម្ម ជាពិសេសគឺស្រូវ ប៉ុន្តែកម្ពុជាពុំទាន់បានកែច្នៃស្រូវឱ្យទៅជាផលិតផលផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារនៅលើពិភពលោកនោះទេ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមទៀតថា ប្រសិនបើកម្ពុជាអាចកែច្នៃស្រូវឱ្យទៅជាអាហារ ឬផលិតផលផ្សេងៗបាន១០ ទៅ២០មុខ កម្ពុជានឹងក្លាយជាប្រទេសអ្នកផលិត មានទីផ្សារច្រើន និងបង្កើនចំនួនពលកម្មការងារនៅក្នុងប្រទេស។ ដោយឡែក ពាក់ព័ន្ធនឹងបន្លែវិញ ឯកឧត្តមបណ្ឌិតសភាចារ្យបានមើលឃើញថា កម្ពុជាបាននាំចូលពីប្រទេសវៀតណាម ខណៈកម្ពុជាក៏អាចផលិតបន្លែទាំងនោះបានដូចគ្នា ដូចនេះឯកឧត្តមបណ្ឌិតសភាចារ្យបានជំរុញឱ្យមានកែច្នៃកសិកម្មរបស់ខ្លួនឱ្យទៅជាកសិទេសចរណ៍។
សំឡេង« បើសិនជាអ្នកទេសចរមួយចូលមកកុំឲ្យធ្លុះធ្លាយ យើងធ្លុះធ្លាយទាំងអស់ ខ្នើយរបស់ចិន ស្រារបស់សាំហ្គាពួរ សាច់របស់អូស្រ្តាលី កម្ម៉ង់ឡើងចៀមអូស្រ្តាលី សាច់គោអូស្រ្តាលី ឈី ប៊ើ ប្រូម៉ាតរបស់គេបានស្អី ហើយអត់ហ៊ានកែទេខ្លាចរដ្ឋាភិបាល ត្រូវតែហ៊ានកែ បើមិនកែកុំនិយាយកូវីដ១៩ ចប់ ត្រូវកសាងរបៀបមិច កសាងមិនឡើងទេ ។ កុំខ្លាចជាប្រទេសអ្នកហូប ត្រូវខ្លាចជាប្រទេសអ្នកផលិត បើអ្នកឯងលក់ស្រូវមួយជីវិត អ្នកឯងមិនអាចកសាងប្រទេសបានទេ។ អ្នកឯងលក់ផលិតផលចេញពីស្រូវ ពី១០ទៅ២០ភាគរយពីស្រូវ បើយើងកែប្រែផលិតផលពីស្រូវ១០ទៅ២០ មានន័យថា យើងទាញយកប្រមូលយកកម្មករមកធ្វើបាន កុំនិយាយរឿងកាត់ដេរខ្ញុំនិយាយកាលពី២០ឆ្នាំមុនពេលខ្ញុំចូលមកស្រុកខ្មែរ កាត់ដេរលក់តែកម្លាំងពលកម្មទេ ផលិតផលរបស់គេទាំងអស់ ។ តែប្រសិនបើអ្នកឯងចិញ្ចឹមជ្រូក យកបាយស្រា អ្នកឯងលក់ស្រូវទៅឲ្យពីណាលក់ឲ្យវៀតណាម លក់ស្រូវឲ្យថៃ ហេតុអ្វីបានជាថៃវៀតណាមគេធ្វើបាន គេយករបស់យើងទៅលក់ចំណេញ ប្រហែលគេមិនលក់ស្រូវដូចយើងទៀតទេ គេត្រូវកែឆ្នៃ កែឆ្នៃត្រូវការអ្វី? ត្រូវការកម្មករ ត្រូវការវិស្វករ ត្រូវការអ្នកឌីហ្សាញ » ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បញ្ជាក់ថា ដើម្បីឱ្យកម្ពុជាខ្លាំង និងក្លាយទៅជាប្រទេសអ្នកផលិត ឯកឧត្តមបណ្ឌិតសភាចារ្យបានបង្ហាញ៤ចំណុចដែលកម្ពុជាត្រូវធ្វើក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់រួមមាន៖ទី ១. បន្តផ្តោតការយកចិត្តទុកដាក់ និងពង្រឹងមូលដ្ឋានផលិតកម្ម ដូចជា ទឹក ភ្លើង ផ្លូវ ទី២. កំណែទម្រង់ធនធានមនុស្សចាប់ពីកម្រិតមតេ្តយ្យសិក្សា ដោយតម្រង់ទិសនៃការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើធនធានមនុស្ស និងបច្ចេកវិទ្យាថ្មីៗ (ឧស្សាហកម្ម៤.០) ទី៣. ធ្វើពិធីកម្មវិស័យសំខាន់ៗដែលជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងសម្រាប់គាំទ្រដល់វិស័យដទៃទៀតដូចជាកសិកម្ម ដើម្បីទេសចរណ៍ កសិកម្មដើម្បីឧស្សាហកម្ម និងកសិកម្មដើម្បីការនាំចេញទៅក្រៅប្រទេស និង៤.បន្តកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលយុវជនដែលជាកម្លាំងស្នូលគ្រប់កម្រិតសិក្សា ជាពិសេសគឺចាប់ពីកម្រិតមតេ្តយ្យសិក្សារហូតដល់មធ្យមសិក្សា៕