អភិបាលរាជធានីភ្នំពេញ បញ្ជាទៅអាជ្ញាធរខណ្ឌ មិនត្រូវឱ្យរថយន្ដដឹកដី ដឹកខ្សាច់ ធ្វើដំណើរ​តាមផ្លូវ៦០ម៉ែត្រ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ  បានបញ្ជាជាថ្មីម្ដងទៀត ទៅអាជ្ញាធរខណ្ឌ ផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដដឹកដី ដឹកខ្សាច់ លើកំណាត់ផ្លូវ​៦០​ម៉ែត្រ ក្រោយរថយន្ដទាំងនេះបានបង្កគ្រោះថ្នាក់ញឹកញ៉ាប់រយៈពេលប៉ុន្មានថ្ងៃចុង​ក្រោយ​នេះ។

ក្នុងកិច្ចប្រជុំបន្ទាន់ជាមួយសមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅ​សាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធរមិន ហាមឃាត់​ការ​ចាក់ដី ចាក់ខ្សាច់ នៅតំបន់អភិវឌ្ឍន៍ជើងឯកនោះទេ ប៉ុន្ដែគ្រាន់តែបង្វែទិសចរាចរណ៍ សម្រាប់​រថយន្ដដឹកដី ដឹកខ្សាច់កុំឱ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវ៦០ម៉ែត្រ ជាបណ្ដោះអាសន្នសិន។​ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបន្ដថា ការដាក់ចេញវិធានការនេះ គឺដោយសារតែ​កន្លងមកសង្កេតឃើញថា ការដឹកដី ដឹកខ្សាច់ កាត់ផ្លូវនេះបានបង្កឱ្យប្រឡាក់ នៅលើទ្រូងផ្លូវ កកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យខូចផ្លូវផងដែរ។ ឯកឧត្ដមក៏បានណែនាំឱ្យ អាជ្ញាធរត្រូវតែមានវិធានការដើម្បីរក្សាផ្លូវនេះ ឱ្យនៅតែល្អស្អាតជានិច្ច។

ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងទៀតថា មុននឹងមានវិធានការបិទការធ្វើចរាចរណ៍​សម្រាប់រថយន្តដឹកដី ដឹកខ្សាច់ នៅលើកំណាត់ ផ្លូវ៦០ម៉ែត្រនេះ អាជ្ញាធរត្រូវកោះប្រជុំជាមួយ​ម្ចាស់អាជីវកម្មទាំងអស់ ដើម្បីណែនាំឱ្យពួកគាត់បានដឹង និងត្រៀមបង្វែពីការចាក់ដី ទៅជា​ការ​​ជីកដាក់បំពង់ទុយោ ដើម្បីបូមខ្សាចដាក់ចូលតំបន់ខាងលើនេះវិញ ដោយទុករយៈពេលឱ្យ​ពួកគាត់ពី១ខែ ទៅ២ខែ ដើម្បីជីកដាក់បំពង់ទុយោនេះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ រថយន្ត​ដឹកដី ដឹកខ្សាច់ បានបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ប្រជាពលរដ្ឋ ០៥នាក់ របួសធ្ងន់​០៧នាក់ និងស្រាល០២នាក់៕ ដោយ៖ សួស សំរិត