កម្ពុជាជំរុញឲ្យ ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាដើម្បីលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត​ ចន្ធូ​

MC៖ កម្ពុជាជំរុញឲ្យ ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាដើម្បីលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ ខណៈបណ្តាប្រទេសមួយចំនួននៅលើពិភពលោក មានករថមថយពីបញ្ហានៃជំងឺរលាកផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ បានឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានបញ្ជាក់ថា «ក្នុងបរិបទបច្ចុប្បន្នដែលពហុភាគីនិយមនៃវិស័យសុខាភិបាលកំពុងរងការវាយប្រហារ យើងគួរតែ បញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ពួកយើង ក្នុងការគាំទ្រដល់តួនាទីរបស់អង្គការសុខភាពពិភពលោក។ អង្គការសុខភាពពិភពលោក ត្រូវតែទទួលបាននូវ មធ្យោបាយគ្រប់គ្រាន់ដើម្បីអាចបំពេញបេសកកម្មជាធម្មតារបស់ខ្លួនបានកាន់តែប្រសើរឡើង ។ ខណៈដែលស្ថានភាពជម្ងឺកូវីដ-១៩ កំពុងធូរស្រាលនៅតាមប្រទេស មួយចំនួននៅលើពិភពលោក វេលានេះជាពេលត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវ មធ្យោបាយ ដើម្បីបង្កើតបរិយាកាស អំណោយផលសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតកន្លងផុត» ។
តាមប្រព័ន្ធវីដេអូនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបពីយុទ្ធនាការដ៏ជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការចូលរួមចំណែករបស់កម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងសកល។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានចូលរួមជាមួយថ្នាក់ដឹកនាំដទៃទៀត សំដែងការកោតសរសើរ ដល់ភាគីចិន សម្រាប់ការរៀបចំកិច្ចប្រជុំ ដ៏សំខាន់នេះឡើង ដែល នឹងបង្កើតឲ្យមានការប្តេជ្ញាចិត្តជាអន្ដរជាតិ ដើម្បីជំនះលើការរីករាលដាល នៃជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយជម្ងឺកូវីដ-១៩។

សូបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានផ្តួចផ្តើមឡើងដោយសាធារណរដ្ឋ ប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន និងចូលរួមដោយរដ្ឋមន្រ្តីមកពី២៦ប្រទេសជាដៃគូនៃកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ អង្គប្រជុំ ក៏បានពិភាក្សាពីវិធីសាស្រ្ត និងមធ្យោបាយ ដើម្បីជំរុញការតភ្ជាប់ និងលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៕