រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរពីភាពរឹងមាំរបស់កាសែត ជានហ្វា ដែលបានឈរជើងយ៉ាងរឹងមាំ អស់រយៈពេល២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ មិថុនា ២០២០MC៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរពីភាពរឹងមាំរបស់កាសែត ជានហ្វា ដែលបានឈរជើងយ៉ាងរឹងមាំ អស់រយៈពេល២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដែលជាការបញ្ជាក់ អោយឃើញពីភាពល្អរបស់កាសែតនេះ ទទួលបានការគាំទ្រច្រើនពីអ្នកអាន ។
ក្នុងឱកាស បានទទួលជួប លោក អ៊ឹង ហុងម៉េង សមាជិកសម្ព័ន្ធ សមាគមកម្ពុជា ចិន និងជាចាងហ្វាងកាសែត ជានហ្វា ប្រទេសចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរពីភាពរឹងមាំរបស់កាសែត ជានហ្វា ដែលបានឈរជើងយ៉ាងរឹងមាំ អស់រយៈពេល២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅ ទៀតការផ្សាយរបស់កាសែត ជានហ្វា បានធ្វើអោយប្រជាជន និងអ្នកវិនិយោគទុនចិន បាន យល់ច្បាស់ពីស្ថានភាពពិតជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា។
លោក អ៊ឹង ហុងម៉េង រួមជា មួយថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ នៃសារព័ត៌មាន ជានហ្វា បាន អបអរសាទរ ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសដែល ឯកឧត្តម ទទួល បានសញ្ញាបត្រកិត្តិយសពីមហាវិទ្យាល័យបច្ចេកវិទ្យា រាជបង្គលនគរ របស់ប្រទេស ថៃ ដើម្បីបន្តរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសដឹកនាំការងារឆ្ពោះទៅមុខបន្តទៀត ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ឹង ម៉េងលី បានសំដែងនូវការអរគុណយ៉ាងជ្រាល ជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីនៃក្រសួងព័ត៌មាន ដែលបាន គាំទ្រដល់ដំណើរការងារចេញផ្សាយរបស់ កាសែតជានហ្វា ដែលរហូតមកដល់ពេលនេះ មានរយៈពេល ២០ឆ្នាំមកហើយនៅកម្ពុជា ។ បច្ចុប្បន្ន កាសែតជានហ្វា នៅតែបោះកាសែត ចេញផ្សាយជារៀងរាល់ថ្ងៃ ហើយក៏បានបន្ថែមការផ្សាយ តាមប្រពន្ធ័ Facebook WeChat YouTube Twiter ដែលមានជាព័ត៌មាន នយោបាយ សេដ្ឋកិច្ច វប្បធម៌ សមាគម និងដំណឹងជាច្រើនទៀតទាក់ទងទៅនិងការអភិវឌ្ឍរីកចំរើនរបស់ប្រទេសកម្ពុជា អោយប្រជាជនចិនបានស្គាល់ច្បាស់ពីប្រទេសកម្ពុជា ពិសេសចូលរួមចំណែកទាក់ទាញអ្នកវិនិយោគ ចិន មកបណ្តាក់ទុនរកស៊ីកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា៕