ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចង់ឲ្យស្ថានទូតខ្មែរប្រចាំបរទេស ជួយផ្សព្វផ្សាយផលិតផលខ្មែរ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ០៦ ២០២០៖

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចង់ឲ្យស្ថានទូតខ្មែរប្រចាំបរទេស ជួយផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីជួយលើកកម្ពស់ផលិតផលជាតិនៅលើឆាកអន្តរជាតិ ។
អ្នកយកព័ត៌មានរបស់យើងធ្វើសេចក្តីរាយការណ៍បន្ថែម
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមខ្លួនអ្វីខ្លះ ដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ចប់? កាលពីព្រឹកថ្ងៃទី ១៩ ខែ មិថុនា នារាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឲ្យស្ថានទូតបរទេសនីមួយៗគួរយក ផលិតផលរបស់ខ្មែរ ទៅដាក់តាំងបង្ហាញ ដើម្បីអោយអន្តរជាតិបានភ្លក់រស់ជាតិនិងស្គាល់អំពីផលិតផលខ្មែរដ៏ច្រើនសម្បូរបែប។ឯកឧត្តមបន្តថា តាមរយៈការផ្សព្វផ្សាយនេះ អាចធ្វើឲ្យផលិតផលខ្មែរបានស្វែងរកទីផ្សារនាំចេញ ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនឱ្យមានបណ្តាញទំនាក់ទំនងជាអន្តរជាតិ ទាក់ទាញវិនិយោគទុនពីបរទេស ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ជាមួយប្រទេសដៃគូនានាក្នុងតំបន់និងលើពិភពលោក ។
សំឡេង « ដើម្បីឲ្យគេដឹងដើម្បីឲ្យគេយល់ស្វាយខ្មែរ ស្វាយកែវចិនឆ្ងាញ់ណាស់ល្អណាស់ ប៉ុន្តែឆ្ងាញ់ណាស់ក្នុងបន្ទប់ល្អក្នុងបន្ទប់ ធ្វើមិចឲ្យគេដឹង ។ ទូតមួយៗផ្លែឈើឧទាហរណ៍ទូតដឹកគេមិនហ៊ានឆែកទេ ឧទាហរណ៍ថាខ្ញុំដឹកទៅរុស្សីអញ្ចឹងខ្ញុំមានប៉ាស្ព័រខ្ញុំឌីប្លូម៉ូតិច ខ្ញុំយកទៅឲ្យកូនខ្ញុំញុំព្រោះគាត់ចូលចិត្តញុំ អញ្ចឹងពេលបុណ្យចូលឆ្នាំខ្មែរ ពេលភ្ជុំបិណ្ឌ ពេលអី កុំបបួលគេផឹកវីស្គី ឲ្យគេភ្លក់ស្វាយខ្ទិះខ្មែរ ឲ្យគេភ្លក់ស្រាចេញពីទឹកត្នោត ឲ្យគេភ្លក់អ្វីដែលជារបស់ខ្មែរមាន រឺយើងបង្កើតវេទិកា ផ្សព្វផ្សាយផលិតផលរបស់ខ្មែរឲ្យគេសាក ។ តិចទៀត ពេលគេចូលមកមើលការសម្តែងសិល្បៈ ឲ្យគេសាកផលិតផលរបស់ខ្មែរ ម្ហូបរបស់ខ្មែរ ។ អញ្ចឹងបានខ្ញុំឲ្យនារីម្នាក់សិក្សាអំពីសាច់ពពែធ្វើម្ហូបបានប៉ុន្មានមុខ គាត់ថាធ្វើបាន៤០មុខឲ្យគេស្គាល់ពីរបស់ខ្មែរ ។ ឃើញកូរ៉េទេយើងរៀនអំពីគេ កូរ៉េមុននិងចូលហូបសាច់គេដាក់គីមឈីឲ្យយើងភ្លក់សិន ទៅដល់គីមឈីឆ្ងាញ់មានអីបារម្ភទៀត »។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៩ មានការរៀប ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៤ មានការចូលរួមគាំទ្រពីបណ្ដាប្រទេសនៅក្នុងតំបន់ដូចជា៖ ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ថៃឡង់ដ៍ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ា និងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត អង្គការ សមាគម ព្រមទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស ដែលមានស្ដង់សរុបជិត៤០០ស្ដង់ ដើម្បីតាំងបង្ហាញផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទ រាប់តាំងពីការប្រើប្រាស់នៅតាមគេហដ្ឋាន រហូតដល់វិស័យសណ្ឋាគារ និងធនាគារ ៕