កិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ផ្តោតសំខាន់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ១៩ ០៦ ២០២០ ៖

  កិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បានឯកភាពគ្នាពង្រឹងសាមគ្គីភាពអន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីធានាប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទៅ១៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះត្រូវបានផ្តួចផ្តើមឡើងដោយសាធារណរដ្ឋ ប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន និងចូលរួមដោយរដ្ឋមន្រ្តីមកពី២៦ប្រទេសជាដៃគូនៃកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។
សេចក្ដីប្រកាសដដែលបន្ថែមថាអង្គប្រជុំបានទទួលស្គាល់នូវភាពចំាំបាច់តម្រូវឲ្យមានសាមគ្គីភាពអន្តរជាតិ កិច្ចសហប្រតិបត្តិការពហុភាគី និងការគាំទ្រគ្នាទៅវិញទៅមកកាន់តែរឹងមាំជាងមុន ដើម្បីដោះស្រាយជំងឺរាតត្បាតសកល និងផលប៉ះពាល់សេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ នៅទូទាំងពិភពលោក ឲ្យកាន់តែមានប្រសិទ្ធភាព ដោយគ្មានការរើសអើង ភាពលំអៀង ការប្រកាន់ពូជសាសន៍ និងភាពស្អប់ខ្ពើមឡើយ។
សេចក្តីប្រកាសបន្ដថា អង្គប្រជុំបានទទួលស្គាល់តួនាទីស្នូលរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការជំរុញ និងសម្របសម្រួលការឆ្លើយតបជាសកល ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេស តួនាទីដឹកនាំដ៏សំខាន់របស់អង្គការសុខភាពពិភពលោក។
អង្គប្រជុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ដោយស្របទៅតាមស្មារតី និងគោលការណ៍នានា ដែលមានចែងនៅក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំលើកទី២ ស្តីពីវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការស្វែងរកការអភិវឌ្ឍដែលមានបទដ្ឋានខ្ពស់ ផ្តោតទៅលើប្រជាជន និងប្រកបដោយចីរភាព។ ដើម្បីកសាងវិថីសូត្រ អង្គប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចែករំលែកព័ត៌មាន និងការអនុវត្តវិធីសាស្រ្តល្អៗទាន់ពេលវេលា និង ការធ្វើឲ្យប្រសើរឡើងនូវការទទួលបានផលិតផលសុខាភិបាលប្រកបដោយសមធម៌ និងតំលៃសមរម្យ រួមទាំងវ៉ាក់សាំងការពារដែលគួរតែត្រូវបានទទួលស្គាល់ថាជាទំនិញសាធារណៈសកល។
សូមបញ្ជាក់ថា អង្គប្រជុំក៏បានពិភាក្សាពីវិធីសាស្រ្ត និងមធ្យោបាយ ដើម្បីជំរុញការតភ្ជាប់និងលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៕