វិមានក្រឹមឡាំងស្តីបន្ទោសចំពោះការចោទប្រកាន់ដែលមិនសមហេតុផលរបស់សហភាពអឺរ៉ុបចំពោះយុទ្ធនាការផ្សព្វផ្សាយព៌ត៌មានមិនពិតអំពីមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០​ — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងចំពោះជាការចោទប្រកាន់ដែលមិនសមហេតុផលដែលថា រុស្ស៊ីរួមជាមួយចិន និងអ៊ីរ៉ង់ កំពុងជំរុញយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងរដ្ឋសមាជិកសហភាពអឺរ៉ុប ចាប់តាំងពីការរីករាលដាលនៃមេរោគកូរ៉ូណាវីរុសនេះ បានចាប់ផ្តើមមក។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា «ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត យើងជឿជាក់ថា ការចោទប្រកាន់ទាំងនេះគឺមិនសមហេតុផលនោះទេ»។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា វិមានក្រឹមឡាំង «មិនយល់ស្របនឹងការអះអាងទាំងនេះទេ»។ លោកបានកត់សម្គាល់ថា «ផ្ទុយទៅវិញ ទាំងរុស្ស៊ី និងចិន គាំទ្រជានិច្ចដល់កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉ូណាវីរុសនេះ ដើម្បីបង្កើតវ៉ាក់សាំង នឹងបង្កើតថ្នាំដើម្បីទប់ទល់នឹងការឆ្លងរាលដាល» ។

កាលពីពេលថ្មីៗនេះ គណៈកម្មការអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់ថា «តួអង្គបរទេស និងប្រទេសទីបីជាក់លាក់ ជាពិសេសប្រទេសរុស្ស៊ី និងប្រទេសចិន បានចូលរួមនៅក្នុងប្រតិបត្តិការឥទ្ធិពលដែលបានកំណត់គោលដៅ និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតនៅជុំវិញជំងឺកូវីដ-១៩ នៅក្នុងសហភាពអឺរ៉ុប នៅប្រទេសជិតខាងរបស់ខ្លួន និងនៅទូទាំងពិភពលោក ដោយព្យាយាមធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ ការជជែកវែកញែក នឹងធ្វើឱ្យបែកខ្ញែកនយោបាយសង្គម ព្រមទាំងធ្វើឱ្យរូបភាពរបស់ពួកគេកាន់តែប្រសើរឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩។

នេះមិនមែនជាលើកទី១ ទេ ដែលគណៈកម្មការអឺរ៉ុបបានចោទប្រកាន់រុស្ស៊ី និងចិន ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីចុងខែមេសា បាននិយាយថា សេចក្តីថ្លែងការណ៍បែបនេះដែលចេញដោយសហភាពអឺរ៉ុបមិនត្រូវបានបង្ហាញដោយអង្គហេតុណាមួយទេ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)