លោក មូន នឹងធ្វើកិច្ចប្រជុំកំពូលនិម្មិតជាមួយបណ្តាមេដឹកនាំ នៅសហភាពអឺរ៉ុបនៅថ្ងៃទី ៣០ ខែមិថុនា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យរបស់លោក មូន បានប្រកាសថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នឹងរៀបចំកិច្ចប្រជុំកំពូលមួយ ជាមួយបណ្តាមេដឹកនាំរបស់សហភាពអឺរ៉ុបនៅចុងខែនេះ ទាក់ទងនឹងមេរោគកូរ៉ូណាវីរុស និងបញ្ហានៅឧបទ្វីបកូរ៉េ។

យោងតាមអ្នកនាំពាក្យរបស់ Cheong Wa Dae លោក Kang Min-seok បានឱ្យដឹងថា លោក មូន គ្រោងនឹងរៀបចំសម័យប្រជុំជាមួយប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel និងប្រធាន គណៈកម្មការអឺរ៉ុបលោក Ursula von der Leyen នៅរសៀលថ្ងៃទី៣០ ខែមិថុនា (ម៉ោងនៅទីក្រុងសេអ៊ូល)។

វានឹងក្លាយជាកិច្ចពិភាក្សាកំពូលទ្វេភាគីលើកដំបូងរបស់លោក មូន នៅក្នុងឆ្នាំនេះ។

លោក Kang បាននិយាយថា ដំបូងភាគីទាំងពីរគ្រោងនឹងមានកិច្ចប្រជុំកំពូលទល់មុខគ្នានៅទីក្រុងសេអ៊ូលនៅឆមាសទីមួយនៃឆ្នាំ ២០២០ ប៉ុន្តែពួកគេបានសម្រេចចិត្តរៀបចំកិច្ចប្រជុំកំពូលតាមរយៈសន្និសីទ វីដេអូមួយជាមុន នៅពេលមានការរីកសាយភាយបន្តនៃជំងឺកូវីដ-១៩ តាមសំណើរបស់សហភាពអឺរ៉ុប។

លោកបាននិយាយបន្ថែមថា នៅក្នុងកិច្ចពិភាក្សានាពេលខាងមុខនេះ ពួកគេគ្រោងនឹងពិភាក្សាសំខាន់ទៅលើការឆ្លើយតបចំពោះមេរោគកូរ៉ូណាវីរុស និងបញ្ហាដែលមានការព្រួយបារម្ភទៅវិញទៅមក រួមទាំងបញ្ហាកូរ៉េខាងជើងផងដែរ។

របៀបវារៈនៃកិច្ចប្រជុំនោះរួមមាន កិច្ចសហប្រតិបត្តិការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាល នឹងបង្កើតវ៉ាក់សាំង នឹងការព្យាបាល ក៏ដូចជាលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងពង្រឹងភាពជាដៃគូលើវិស័យសេដ្ឋកិច្ចឌីជីថល និងថាមពលកកើតឡើងវិញ។

លោក Kang បាននិយាយថា «ពួកគេមានផែនការ» ផ្លាស់ប្តូរយោបល់គ្នាឱ្យបានស៊ីជម្រៅទៅលើស្ថានភាពសន្តិសុខនៃឧបទ្វីបកូរ៉េផងដែរ ដោយបានរំលឹកពីការចូលរួមវិភាគទានក្នុងន័យស្ថាបនារបស់សហភាពអឺរ៉ុបនៅក្នុងដំណើរការសន្តិភាពកូរ៉េ។

កូរ៉េខាងត្បូងរំពឹងថា សហគមន៍អឺរ៉ុបនឹងក្លាយជាដៃគូដ៏សំខាន់មួយនៅក្នុងគំម្រោង Green New Deal របស់ខ្លួន ដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីលរបស់ប្រទេសជាតិ និងជំនួសឱ្យការអភិវឌ្ឍឧស្សាហកម្មថាមពលកាបូនដែលមានជាតិកាបូនទាបសម្រាប់ការបង្កើតការងារ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)