អ្នកជំនាញជប៉ុន៖ ជម្លោះយោធាអន្តរកូរ៉េពិបាកនឹងអាចកើតមានឡើងណាស់នៅពេលនេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ អ្នកជំនាញនិពន្ធជប៉ុនអំពីបញ្ហាកូរ៉េដ៏ល្បីល្បាញ និងជានិពន្ធនាយកនៃសារព័ត៌មាន Daily NK Japan លោក Ko Yong Gi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ជម្លោះយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺមិនអាចកើតមានឡើងឡើយនៅពេលនេះ ដោយសារតែការប្រឈមមុខដាក់គ្នាដោយអាវុធរបស់កូរ៉េនឹងបំបាក់ក្តីសង្ឃឹមរបស់ទីក្រុងព្យុងយ៉ាង សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

អ្នកជំនាញរូបនេះ បានធ្វើអត្ថាធិប្បាយអំពីការកើនឡើងនៃភាពតានតឹងនាពេលបច្ចុប្បន្នរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូលថា «កូរ៉េខាងជើងនឹងមិនចាត់វិធានការយោធាណាមួយប្រឆាំងនឹងកូរ៉េខាងត្បូងទេ យ៉ាងហោចណាស់រហូតដល់ការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិករួចរាល់»។

លោកបាននិយាយថា «អាទិភាពកំពូលរបស់ទីក្រុងព្យុងយ៉ាងនៅថ្ងៃនេះ គឺការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ជម្លោះយោធាជាមួយកូរ៉េខាងត្បូងនឹងបំផ្លាញរាល់សមិទ្ធិផលរបស់កូរ៉េខាងជើងនៅក្នុងតំបន់នេះ រួមទាំងទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ»។

អ្នកជំនាញរូបនេះបាននិយាយថា ទោះជាយ៉ាងណា កូរ៉េខាងជើងអាចនឹងប្រើវិធានការផ្សេងទៀតនៅក្នុងស្ថានភាពនេះ។ លោកពន្យល់ថា «អាចនឹងមានការធ្វើសមយុទ្ធយោធាដោយផ្ទាល់នៅខ្សែបន្ទាត់ផ្តាច់ជាមួយកូរ៉េខាងត្បូង ឬការបាញ់គ្រាប់មីស៊ីលរយៈចម្ងាយខ្លី និងមធ្យម និងការរឹតបន្តឹងវោហារសាស្ត្រឃោសនា»។

ក្នុងករណីណាក៏ដោយ ស្ថានភាពបច្ចុប្បន្នបង្ហាញអំពីការបរាជ័យនៃគោលនយោបាយកិច្ចសន្ទនាជាមួយកូរ៉េខាងជើងដែលទីក្រុងសេអ៊ូលបាន នឹងកំពុងខិតខំប្រឹងប្រែងអស់រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ បន្ទាប់ពីជំនួបចុងក្រោយរវាងលោក គីម ជុងអ៊ុន និង លោក ត្រាំ បានបរាជ័យនៅទីក្រុងហាណូយកាលពីខែកុម្ភៈ ឆ្នាំទៅ ដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in មិនអាចដើរតួនាទីជាអ្នកសម្របសម្រួលរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនបាន។

លោកបាននិយាយបន្ថែមថា ប្រទេសកូរ៉េខាងជើងបានចាត់វិធានការជាផ្លូវការចំពោះទីក្រុងសេអ៊ូលនាពេលថ្មីៗនេះតាមការណែនាំដោយផ្ទាល់ពីប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យូជុង ដែលកាន់តួនាទីជាអនុប្រធាននាយកដ្ឋានទីមួយ នៃគណៈកម្មាធិការកណ្តាលគណបក្សពលករកូរ៉េនៃគណៈកម្មាធិការកណ្តាលកូរ៉េ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)