ប្រទេសឥណ្ឌា អៀរឡង់ ម៉ិកស៊ិកូ និងន័រវែស ត្រូវបានបោះឆ្នោតជ្រើសរើស ជាសមាជិកមិនអចិន្ត្រៃយ៍របស់ UNSC សម្រាប់ឆ្នាំ ២០២១-២០២២

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០​ — ប្រទេសឥណ្ឌា អៀរឡង់ ម៉ិកស៊ីកូ និងន័រវែស នឹងក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់ឆ្នាំ ២០២១-២០២២ បន្ទាប់ពីចេញលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃពុធ នៅមហាសន្និបាតអង្គការសហប្រជាជាតិ។

ប្រទេសអៀរឡង់ទទួលបាន ១២៨សំឡេង ប្រទេសន័រវែសទទួលបាន ១៣០សំឡេង ប្រទេសម៉ិកស៊ិកូទទួលបាន ១៨៧សំឡេង និងប្រទេសឥណ្ឌាទទួលបាន ១៨៤សំឡេង។

រួមជាមួយសមាជិកអចិន្រ្តៃយ៍ទាំង ៥ គឺ រុស្ស៊ី ចក្រភពអង់គ្លេស ចិន សហរដ្ឋអាមេរិក និងបារាំង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ប្រទេស ដោយក្នុងនោះមានសមាជិក ៥ប្រទេសត្រូវបានបោះឆ្នោតជ្រើសរើសវិលជុំជារៀងរាល់ឆ្នាំ។ មិនដូចជាសមាជិកអចិន្រ្តៃយ៍ទាំងប្រាំប្រទេសទេ សមាជិកមិនអចិន្ត្រៃយ៍គ្មានសិទ្ធិក្នុងការវេតូទេ។

សមាជិកដែលត្រូវបានជ្រើសតាំងថ្មីនឹងជំនួសប្រទេសប៊ែលហ្សិក អាល្លឺម៉ង់ សាធារណរដ្ឋដូមីនីកែន ឥណ្ឌូណេស៊ី និងអាហ្វ្រិកខាងត្បូង ខណៈដែលប្រទេសវៀតណាម នីហ្សេរីយ៉ា សាំងវ៉ាំងសង់ និងហ្គ្រីណាឌីន ទុយនីស៊ី និង អេស្តូនៀ នឹងនៅបន្តសម្រាប់ឆ្នាំទី ២ ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)