សហរដ្ឋអាមេរិកជួយឥណ្ឌូណេស៊ីក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០​ — ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍសហរដ្ឋអាមេរិក ( USTDA ) បានប្រកាសថា  ខ្លួនបានផ្តល់ជំនួយដល់ក្រុមហ៊ុន PT Nusatama Properta Panbil របស់ប្រទេសឥណ្ឌូណេស៊ីដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសន្តិសុខថាមពល ដែលកំពុងបន្តនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ការវិនិយោគគោលដៅរបស់ទីភ្នាក់ងារនេះ នឹងផ្តល់ថវិកាសម្រាប់ការសិក្សាលទ្ធភាពមួយដើម្បីវាយតម្លៃនូវការអភិវឌ្ឍស្ថានីយទទួលឧស្ម័នធម្មជាតិ (LNG) ក៏ដូចជាកន្លែងផ្ទុក និងកន្លែងដឹកជញ្ជូននៅលើកោះ Pulau Asam ។ ការចូលរួមរបស់វាក៏នឹងបង្កើតឱកាសនាំចេញសម្រាប់អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា LNG របស់សហរដ្ឋអាមេរិកផងដែរ។

លោក Thomas R. Hardy នាយកស្តីទីនៃ USTDA បាននិយាយថា USTDA បានជួយដៃគូរបស់ខ្លួន ដូចជាប្រទេសឥណ្ឌូណេស៊ីក្នុងការរៀបចំផែនការអាទិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយគម្រោងនេះនឹងផ្តល់ធនធានចាំបាច់ដល់ឥណ្ឌូណេស៊ីភាគខាងលិច និងស្វែងរកជម្រើសពង្រីកសម្រាប់ការដឹកជញ្ជូនឧស្ម័នពីកោះមួយទៅកោះមួយ។

ស្ថានីយ និងកន្លែងដែលត្រូវបានស្នើឡើងនេះនឹងទទួលបាន និងដំណើរការឧស្ម័នធម្មជាតិសម្រាប់ការដឹកជញ្ជូនអន្តរកោះតទៅ ការចាក់តាមបំពង់ ឬជាឥន្ធនៈលេណដ្ឋានសមុទ្រ អាស្រ័យទៅលើអនុសាសន៍ចុងក្រោយនៃការសិក្សាលទ្ធភាព។

ការសិក្សានេះ គឺជាគម្រោងមួយនៃគំនិតផ្តួចផ្តើមការនាំចេញ ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នសហរដ្ឋ អាមេរិករបស់ USTDA និងរដ្ឋបាលនៃការលើកកម្ពស់ការអភិវឌ្ឍ និងការរីកចម្រើននៅអាស៊ីតាមរយៈថាមពល (Asia EDGE) ដែលពង្រឹងសន្តិសុខថាមពល និងពង្រីកការទទួលបានថាមពលនៅក្នុងបណ្តាប្រទេសជាដៃគូ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)