សម្តេចតេជោ បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទំាងទីក្រុង និងជនបទស្រុកស្រែចំការ ត្រូវបង្កើនការថែរក្សាសុខភាពការពារកុំអោយឆ្លងជំងឺកូវីដ ១៩

វិទ្យុជាតិកម្ពុជា
សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទំាងទីក្រុង និងជនបទស្រុកស្រែចំការ ត្រូវបង្កើនការថែរក្សាសុខភាព និងការធ្វើអនាម័យឲ្យបាន ជាប់ជាប្រចាំ ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ ១៩ និងការកើតឡើងនៃរលកទី២នៅកម្ពុជា។
យោងតាមផេកហ្វេកប៊ុនផ្លូវការរបស់សម្តេចនៅថ្ងៃទី១៩ ខែមិថុនានេះបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រប់ពេល ទោះបីនៅក្នុងទីក្រុងឬនៅតាមជនបទស្រុកស្រែចំការគឺត្រូវមានម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។
សម្តេចតេជោបញ្ជាក់ថា ចំពោះទីកន្លែងប្រមូលផ្តុំដែលមានមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេសមន្ទីរព្យាបាល និងមន្ទីរពេទ្យទាំងរដ្ឋនិងឯកជនត្រូវតែមានម៉ាស ទឹកអាល់កុល ឬចឹលដើម្បីអោយពលរដ្ឋប្រើប្រាស់ការពារកុំអោយមានការចម្លងជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ទៀត។ ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់។
ការបន្តអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនាពេលនេះ ខណៈដែរស្ថានការណ៍នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភដ៏ធំបំផុតរបស់ពិភពលោក។ មកទល់ថ្ងៃនេះដែរ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ។ ហើយជាង២១៦ប្រទេស គឺចំនួនអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់រហូតដល់៨២៤២៩៩៩នាក់ ដែលមានអ្នកស្លាប់រហូតដល់៤៤៤ ៥៣៥នាក់។ ថ្មីៗនេះ នៅកម្ពុជាយើងក៏មានអ្នកឆ្លងរោគកូវីដ-១៩ ថ្មី២នាក់មកពីឥណ្ឌូនេស៊ី និង១នាក់ទៀតមកពីម៉ាឡេស៊ី ដែលសរុបមកប្រទេសកម្ពុជាយើងមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២៩នាក់ ដែលព្យាបាលជាសះស្បើយ ១២៦នាក់ និង៣នាក់កំពុងសម្រាកព្យាបាល៕