ក្រសួងបរិស្ថាន៖ ការដាក់ធុងសំរាមនៅតាមសហគមន៍ជាការរំឭកស្មារតីដល់ពលរដ្ឋ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ០៦ ២០២០
MC:

ក្រសួងបរិស្ថាន លើកឡើងថា ការដាក់ឱ្យប្រើប្រាស់ធុងសំរាម នៅក្នុងសហគមន៍ ក៏ជាការចូលរួមដាស់រំឭកស្មារតីដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីការថែរក្សាអនាម័យ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រើប្រាស់ធុងសំរាមនៅតាមសហគមន៍ គឺបង្ហាញពីភាពចាស់ទុំក្នុងការគ្រប់គ្រងសំណល់សំរាមដែលខ្លួនឯងបានបង្កើតជារៀងរាល់ថ្ងៃ និងការបង្ហាញឱ្យឃើញពីការស្រឡាញ់បរិស្ថាននៅជុំវិញខ្លួន។
ថ្លែងក្នុងឱកាសជាអធិបតីក្នុងពិធីប្រគល់ធុងសំរាម ដល់សហគមន៍ពាមក្រសោប ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែមិថុនា ឯកឧត្តម បានបញ្ជាក់ថា បញ្ហាសំរាមក្នុងពេលបច្ចុប្បន្ន បានចោទឡើងមិនត្រឹមតែនៅតាមទីក្រុងនោះទេ សូម្បីតែនៅតាមនៅជនបទ ក៏បានចោទជាបញ្ហាផងដែរ។ ឯកឧត្តម មានប្រសាសន៍ថា «ប្រសិនបើមិនបានគិតគូរអប់រំពីការគិតទុកសំរាមនោះទេ ច្បាស់ណាស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន នឹងបោះចោលសំរាមពាសវាលពាសកាលជាមិនខាន។ ជាក់ស្តែងតំបន់ពាមក្រសោប នៅជិតសមុទ្រ ប្រសិនបើមិនបានគិតគូរលើការទុកសំរាមនោះទេ វានឹងបង្កផលប៉ះពាល់ និងបំពុលដល់តំបន់ទេសចរណ៍នានារបស់កម្ពុជា ដែលជាប់នឹងមាត់សមុទ្រនេះ»។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញថា ក្នុង១ឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ៤លានតោន ក្នុងនោះ៦៥ភាគរយ ជាសំណល់សរីរាង្គ ខណៈចំនួន២០ភាគរយ ជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់ផ្សេងទៀតជាសំណល់រឹង។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងចំណោមសំរាមទាំងអស់នោះ គឺមានត្រឹមតែប្រមាណ៥១ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម។ ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀត ត្រូវបានដុត ជាដើម។
យោងតាមទិន្នន័យឆ្នាំ២០១៨ បានបង្ហាញថា សំណល់រឹងដែលបានប្រមូលចាក់នៅទីលានសរុបប្រមាណជាង១,៧លានតោនប៉ុណ្ណោះ ដោយសារទីក្រុង ស្រុកគោលដៅមួយចំនួនធំនៅពុំទាន់មានទីលានចាក់សំរាម៕