គ.ជ.ប នឹងបំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
MC: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងធ្វើការបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតនា ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧។
គ.ជ.ប នៅថ្ងៃទី១៩ ខែមិថុនានេះ បានឲ្យដឹងថា សន្លឹកឆ្នោត និងឯកសារចាស់ៗ

ដែលគ្រោងនឹងបំផ្លាញនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នាទីតាំងផ្ទះលេខ៩ ផ្លូវ៣៤៥ ខណ្ឌទួលគោកនោះ មានសន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១២, សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣, សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឆ្នាំ២០១៤, និងសន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។
គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប មានសមត្ថកិច្ច សិទ្ធិអំណាច និងមានភារកិច្ចរៀបចំគណៈកម្មការដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល៦ឆ្នាំ និងសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ។
បើតាមការបញ្ជាក់ពីគ.ជ.ប នេះគឺជាលើកទី៤ហើយ បំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ដោយគិតចាប់ពីកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯកនៅឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន៕