សហព័ន្ធវាយកូនបាល់ ប្រមូលផ្តុំហ្វឹកហាត់ឡើវិញ គ្រប់ឈុតទាំងអស់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០—-

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រមូលផ្តុំការហ្វឹកហាត់ឡើងវិញបាន២សប្តាហ៍ហើយទាំងឈុតធំ និងក្រុមជម្រើសជាតិថ្នាល។

លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាកីឡាវាយកូនបាល់កម្ពុជាបានលើក​ឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅពេលចុះពិនិត្យមើលការហ្វឹកហាត់​របស់​កីឡាករ កីឡាការិនីជម្រើសជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិកថា យើងបានប្រមូល​ផ្តុំ​ឡើង​វិញភ្លាមៗ មិនអាចទម្លាក់ដៃបានទេ ដើម្បីពង្រឹងគុណ ភាពបច្ចេទេសក្រុមជម្រើស​ជាតិ​ឈុតធំ និងក្រុមជម្រើសជាតិថ្នាល ដែលមាន៨នាក់ ខណៈក្រុមថ្នាលយុវជនដទៃៗនៅទូទាំងប្រទេស​មានច្រើនជាង៣០នាក់។

ចំពោះកម្មវិធីរបស់សហព័ន្ធ ដែលលើកទឹកចិត្តឱ្យលេងកីឡា​វាយ​កូនបាល់នៅតាមសាលារៀនទូទាំងប្រទេសមានជាង១ម៉ឺន៥ពាន់។ មកដល់ពេលនេះ ការ​ប្រកួត​អន្តរជាតិនានា រួមទាំងព្រឹត្តិការណ៍ពិភពលោក Davis Cup ដែលកម្ពុជាកំពុងស្ថិតនៅ​ក្នុងក្រុម៤នោះក៏មិនទាន់ច្បាស់លាស់ពីការប្រកួតឡើងវិញដែរ ប៉ុន្តែអ្វីដែលច្បាស់ និងជា​កាតព្វ​​កិច្ចនោះ គឺសហព័ន្ធវាយកូនបាល់កម្ពុជាកំពុងសម្រួចគោលដៅឆ្ពោះទៅដណ្តើម​មេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលយើងតែងតែខិតខំធ្វើ និងសង្ឃឹមយ៉ាងមុត​មាំផងដែរ។

លោកអគ្គលេខាធិការបន្ថែមថា តាមផែនការ និងស្មារតីរបស់សហព័ន្ធកីឡាវាយកូន​បាល់​កម្ពុជាត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីប្រជែងមេដាយ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា  ដោយបច្ចុប្បន្នសហព័ន្ធមានទិសដៅច្បាស់លាស់ និងបានលាយក្រុមជម្រើស​ជាតិឈុតធំ និងក្រុមជម្រើសជាតិថ្នាល ដែលនៅក្រៅប្រទេស និងក្នុងប្រទេស ដើម្បីត្រៀម​លក្ខណៈឱ្យបានល្អប្រសើរ៕ ដោយ៖ហេង ណាលីន