ឯកឧត្តមមាស សារិន បន្តតំណែងជាប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាអាណត្តិថ្មី២០២០-២០២៤

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ឯកឧត្តម មាស សារិន ទីប្រឹក្សាផ្ទាល់សម្តេចវិបុសសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា នៅតែបន្តតំណែងជាប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាអាណត្តិទី៧ ឆ្នាំ២០២០-២០២៤ របស់សហព័ន្ធ បន្ទាប់ពីសមាជិកប្រតិបត្តិសម្រេចបោះឆ្នោតផ្តល់ការគាំទ្រនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្នុងឳកាសបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកប្រតិបត្តិថ្មីរបស់សហព័ន្ធកី ឡាសីដក់ និងឈិនឡូនកម្ពុជា អាណត្តិទី៧ ២០២០-២០២៤ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោក បឹង គឹមតោ អនុនាយកដ្ឋានអប់រំកាយ និងកីឡា លោក កាំង សុធា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សម្រាប់សមាជិកថ្មីអាណត្តិទី៧ ឆ្នាំ ២០២០-២០២៤មានចំនួន ២១ នាក់ ក្នុងនោះឯកឧត្តម មាស សារិន ប្រធាន លោក អ៊ឹង ផល្លា លោក លោក ញ៉ែម សុធា លោកស្រី លឹម ម៉ារីណា លោក ឯម ហៀង លោក ទុយ ប៊ុនហឿន លោក មាស សារ៉េត លោកស្រី សូ វ៉ាន់ដេត លោក ជាតិ ខេមរា អនុប្រធាន លោក សុខ យ៉ានិមល អគ្គលេខាធិការ កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការរង កញ្ញា គួយ ស៊ីវឡេង អគ្គហេរញ្ញឹក លោក បាន រិច លោក ហ៊ុត វិប៊ែរ កញ្ញា មាស តឿ លោក គង់ សុភាព និងលោក សូ វ៉ាន់ឌីណូ លោក ពៅ វណ្ណា លោកវ៉ា គ្រី លោកទី លីឈ័ង លោក អ៊ឹង ណារិទ្ធ និងស្រួយ សុវណ្ណា ជាសមាជិក ។
ចំពោះផែនការហិរញ្ញវត្ថុ អាណត្តិទី៧ ឆ្នាំ២០២០-២០២៤ សហព័ន្ធនឹងខិតខំដើម្បីជុំរុញលើកស្ទួយចលនាកីឡាសីដក់ សីស្លាប និងឈិនឡូន ឲ្យកាន់តែមានភាពរីកចម្រើនជឿនលឿន ទាំងបរិមាណ និងគុណភាព សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បាននឹងកំពុងខិតខំទំនាក់ ទំនងគៀរគរ គ្រប់មធ្យោបាយដើម្បីស្វែង រកចំណូលបន្ថែមទៀត ក្នុងអណត្តិទី៧ ដោយខិតខំរៀបចំគម្រោងកម្មវិធីអភិវឌ្ឍកីឡាសីដក់ ដើម្បីលើកសំណើសុំថវិកាចំណាយពីក្រសួងអប់រំ យុវជន និង កីឡា និងបណ្តាក្រុមហ៊ុននានា ។អនុវត្តឲ្យបានត្រឹមត្រូវក្នុងការប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងជំរុញស្វែងរកវិភាគទានពីគណៈកម្មការទ្រទ្រង់ របស់សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងការបង់សមាជិកភាពប្រចាំឆ្នាំ ពីសមាគម-ក្លឹប តាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត។ ស្វែងរកក្រុមហ៊ុនជាដៃគូដើម្បីរៀបចំការងារទីផ្សារកីឡាបន្ថែមទៀត និងទំនាក់ទំនងល្អជាមួយសប្បុរសជននានាដើម្បីបង្កើនប្រភពចំណូលបន្ថែមទៀត៕