ថ្នាក់ដឹកនាំកំពូលៗស្ញប់ស្ញែង និងចងចាំជានិច្ចចំពោះព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងការបម្រើជាតិ សាសនា និងប្រជារាស្ត្រ

វិទ្យុជាតិកម្ពុជា ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០

ថ្នាក់ដឹកនាំកំពូលៗស្ញប់ស្ញែង និងចងចាំជានិច្ចចំពោះព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមបំផុតរបស់
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងការបម្រើជាតិ សាសនា និងប្រជារាស្ត្រ រស់នៅដោយភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យ។
នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី ១៨ ខែមិថុនា សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងអំណរសាទរ និងសូមគោរពថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់មានព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។
តាមសារលិខិតរបស់សម្តេចវិបុលសេនាភក្តីបានសម្តែងការគោរពស្ញប់ស្ញែង និងចងចាំជានិច្ចចំពោះព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងការបម្រើជាតិ សាសនា និងប្រជារាស្ត្រ តាមរយៈព្រះរាជសកម្មភាពមនុស្សធម៌ សង្គមកិច្ច វប្បធម៌ សាសនា និងការយកព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះស្ថានភាពជីវភាពសុខទុក្ខរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មដ៏មហាថ្លៃថ្លាចំពោះជាតិ ប្រជារាស្ត្រប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ ព្រះទ័យជ្រះថ្លាបរិសុទ្ធ លះបង់ព្រះរាជកាយពល និងព្រះរាជបញ្ញាញាណ
ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។ ជាមួយនេះ ព្រះរាជគំរូវីរភាព ជាព្រះមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល តំណាងអោយស្ត្រីកម្ពុជាក្នុងការគាំទ្រ និងលើកស្ទួយសមភាពយេនឌ័រ ផ្តល់ភាពអង់អាចដល់ស្ត្រី ដើម្បីជាចលករក្នុងការចូលរួមសកម្មភាពសង្គម កិច្ចការកសាង និងអភិវឌ្ឍន៍ប្រទេស។
ចំណែក សម្តេចពញា ចក្រី ប្រធានរដ្ឋសភាសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយជានិច្ចកាលព្រះអង្គតែងតែមានព្រះព្រហ្មវិហារធម៌ ព្រះទ័យជ្រះថ្លា
បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ក្នុងព្រះរាជសកម្មភាព សង្គមកិច្ច មនុស្សធម៌ វប្បធម៌ សាសនា និងសេចក្តីសុខក្សេមក្សាន្ត ជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេស។
ក្នុងសារលិខិតថ្វាយព្រះពររបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរថា ទូលព្រះបង្គំជាខ្ញុំ តាំងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ និងភរិយា សូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្ដែងថ្វាយព្រះពរអំណរសាទរដល់ស្មោះអស់ពីដួងចិត្តប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះអង្គ ដែលបានចំណាយព្រះបញ្ញាញាណនិងព្រះកាយពលក្នុងវិស័យព្រះពុទ្ធសាសនា សង្គមកិច្ចអប់រំសិក្សាធិការនិងសុខមាលភាពជាពិសេសព្រះអង្គទ្រង់និងសព្វព្រះរាជហឫទ័យគង់នៅជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីឲ្យ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជារាស្រ្តនិងការលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សារលិខិតសម្តេចតេជោបន្ថែមថា ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀតលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រី ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព្រះនាមគោរាគទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះ វស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅ ចៅទួតរបស់ព្រះអង្គ។

សូមជម្រាបថា សម្ដេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ទ្រង់ប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឫហូជីមិញ ដែលព្រះនាមដើម ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique Izzi)។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រអ៊ីហ្សហ្ស៊ី (Jean François Izzi) ជាជនជាតិបារាំង ដើមកំណើតអ៊ីតាលី ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជាជនជាតិខ្មែរ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ក្នុងខែមេសា ឆ្នាំ១៩៥២។
ព្រះអង្គមានព្រះរាជបុត្រ២អង្គគឺ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តសីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ប៉ុន្តែបានសោយទីវង្គតនៅឆ្នាំ២០០៣ ដោយជំងឺបេះដូង៕