ឯកឧត្តម ស៊ិន ស៊ន និងលោកជំទាវ នាំយកទៀនវស្សាប្រគេនព្រះសង្ឃចំនួន១៣វត្ត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលជាអំណោយដ៏សប្បុរសធម៌របស់សម្តេចជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

វិទ្យុជាតិកម្ពុជា​៖

ទៀនព្រះវស្សាចំនួន២៦គូ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈជាច្រើនមុខ ប្រេងកាត និងបច្ច័យ ជាថវិកាក្នុងមួយវត្តៗ ចំនួន៥០ម៉ឺនរៀល ដែលជាអំណោយដ៏សប្បរសធម៌បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្បរសជននានា ត្រូវបានឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ិន ស៊ន និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកជំទាវ រួមទាំងនាយទាហាន នៃបញ្ជាការដ្ឋានកង ឯកភាពអង្គរក្សសម្តេចតេជោនាយករដ្ឋមន្រ្តី នាំយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីអារាមចំនួន១៣ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៦មិថុនា។
ទីអារាមទាំង១៣ដែលទទួលបានទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បច្ច័យ ភេសជ្ជៈ និងប្រេងកាត ជាអំណោយដ៏សប្បរសធម៌ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពេលនោះរួមមាន វត្តព្រែកតាទែន វត្តវាំងចាស់ វត្តភ្នំប្រសិទ្ធ វត្តរលាំងកំពូល វត្តត្បូងដំរី វត្តក្រពើហារ វត្តតាខ្មៅ វត្តព្រែកសំរោង ខេត្តកណ្តាល វត្តច័ន្ទបុរីវង្ស វត្តបុទុមវតី វត្តលង្កា វត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត រាជធានីភ្នំពេញ។ ពិធីនេះ បានប្រារព្វធ្វើព្រមៗគ្នា នៅទីអារាមវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ក្រោមវត្តមាន សម្តេចព្រះសក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុគុណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត។ ឯកឧត្តមឧត្តមសេនីយឯក ស៊ិន ស៊ន មានប្រសាសន៍ឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចាត់តាំងឲ្យរូបឯកឧត្តម និងសហការីទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស នាំយកនូវទៀនព្រះវស្សា បច្ច័យ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងប្រេងកាត យកមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមទាំង១៣នេះ មិនដែរអាក់ខានម្តងណាឡើយ ដោយសាតែទីអារាមទាំងនេះ មានការលំបាកខ្វះខាត និងស្ថិតនៅតំបន់ជនបទឆ្ងាយដាច់ស្រយាល។ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេននិងជូនចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងវត្តទាំង១៣ ដែលបានខិតខំថែរក្សាការពារ និងកសាងនូវសមិទ្ធផលនានាក្នុងទីអារាមនីមួយៗ មានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយៗទៅមួយឆ្នាំ ដែលនោះបង្ហាញពីការគោរពស្រឡាញ់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រវាងព្រះសង្ឃនិងគ្រហត្ថ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំ និងដើម្បីជាសក្ខីភាព នៃការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជាយូរអង្វែងតរៀងទៅ។ ជាមួយនិងមនុញផលកើតចេញពីទឹកចិត្តជ្រះថ្លានោះ សម្តេចព្រះសក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុគុណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត តំណាងឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង១៣ បានលើកឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធទេវតាថែរក្សា ក្នុងលោក សូមតាមជួយប្រោសព្រំបីបាច់ថែរក្សាការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងបុត្រាបុត្រី និងចៅៗទាំងអស់របស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរ កំលាំងពូលាំងមាំមួន អាយុយ៉ឺនយូរ មានប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំ រាជរដ្ឋាភិបាល និងស្ថាប័នមនុស្សធម៌កាកបាទក្រហមកកម្ពុជា ឲ្យកាន់តែរីកចំរើនរឹងមាំជានិច្ចនិរន្តតរៀងទៅ។ ជាមួយមនុញ្ញផលកើតចេញពីទឹកចិត្តជ្រះថ្លានោះដែរ សម្តេចព្រះសក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន បានលើកឧទ្ទិសដល់វិញ្ញាណក្ខន្ធឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាព លាចាកលោកយើងហើយនោះ បានយោងយិតទៅចាប់បដិសន្ធិនៅឋានសួគ៌ា បរមសុខគ្រប់ប្រការ និងបានលាចាកផុត ពីទុក្ខទោសផងទាំងពួងចាប់ពីពេលនេះតរៀងទៅ។ នៅក្នុងពិធីតាមបែបសាសនានោះដែរ ឯកឧត្តម លោកជំទាវ បានអញ្ជើញបួងសួងតាមទីសក្ការ:នានា ក្នុងវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត និងចានដោះលែងសត្វចាប ប៉េងប៉ោង និងផ្តល់ចំណីត្រី អណ្តើក ក្នុងអាងទឹក នៃវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែតផងដែរ។