រដ្ឋបាលរាជធានីភ្នំពេញ​ ប្រជុំដោះស្រាយបញ្ហាជន់លិចដោយជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ត្រង់តំបន់មុខសាលាក្តីខ្មែរក្រហម

វិទ្យុជាតិកម្ពុជា ហុក សុខរិន ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២០


រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមដោះស្រាយបញ្ហាជន់លិចដោយជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ត្រង់តំបន់មុខសាលាក្តីខ្មែរាក្រហម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ជៀសផលប៉ៈពាល់ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ក្នុងកិច្ចនៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ខែមិថុនានេះ ឯកឧត្តម ឃួងស្រេងអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រុមការងារជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងបញ្ចេញគ្រឿងចក្រជាច្រើនគ្រឿងទៅកាន់ទីតាំងនោះដើម្បីស្តារប្រឡាយអោយបានជ្រៅនៅអមសងខាងផ្លូវជាតិលេខ៤ត្រង់តំបន់មុខសាលាក្តីខ្មែរក្រហមនៅក្នុងសប្តាហ៍នេះ ដើម្បីរំដោះការជនលិចដោយជំនន់ទឹឹកភ្លៀងអោយបានលឿន។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា មូលហេតុដែលតំបន់នេះរងការជនលិចដោយសារតែការរងផ្ទៃទឹកហូរពីខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលខេត្តកណ្តាល ហើយបណ្តាប្រឡាយរងតូចៗមួយចំនួនទៀតបានគោករីងរាក និងការរំលោភចំណីប្រឡាយពីប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយការជនលិចនៅតំបន់នេះអោយបានលឿន ដែលសម្រួលការលំបាករបស់ប្រជាពលរដ្ឋ និងការរំខានការធ្វើដំណើរជាដើម។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាន៍ថា ជាមធ្យោបាយបន្ទាន់ដើម្បីដោះស្រាយបញ្ហាជនលិចនៅតំបន់នេះអោយមានប្រសិទ្ធភាព មន្ទីរបានកាយភក់ចេញពីបាតប្រឡាយអមសងខាងផ្លូវជាតិលេខ៤ត្រង់មុខសាលាក្តីខ្មែរក្រហម មកដល់ផ្លូវរថភ្លើង បន្ទាប់មកទៀតមកផ្នែកខាងជើងស្តារប្រលាយតាមបណ្តោយផ្លូវរថភ្លើងឆ្ពោះទៅមហាវិថីឈ្នះឈ្នះ ចាក់ទៅបឹងតាមោក ទំនប់កបស្រូវ។ ចំណែកខាងត្បូងផ្លូវជាតិលេខ៤វិញនិងត្រូវស្តារប្រឡាយតាមបណ្តោយផ្លូវរថភ្លើងឆ្ពោះទៅប្រឡាយតាហោចាក់ទៅស្ទឹងព្រែកត្នោត និងប្រឡាយមួយទៀតតាមផ្លូវជាតិលេខ៣ ឆ្ពោះទៅបឹងជើងឯក។ លោកបញ្ជាក់ថា គម្រោងនេះនឹងជួយរំដោះទឹកហូរបានលឿនជាងមុន ដែលកាត់បន្ថយបានការជនលិច។
សូមបញ្ជាក់ថា រដ្ឋបាលនៅភ្នំពេញកំពុងសិក្សាជាមួយក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីបង្កើតប្រព័ន្ធស្ទាក់ទឹកពីខេត្តកំពង់ស្ពឺអោយហូរចាក់ទៅស្ទឹងព្រែកត្នោតតែម្តង ដែលកាត់បន្ថយកុំអោយហូរចូលមករាជធានីភ្នំពេញបង្កអោយមានការជនលិចដោយជំនន់ទឹកភ្លៀង។