បេឡាជាតិសន្តិសុខសង្គម ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបង្កើត​ឱ្យក្លាយជា​គ្រឹះស្ថាន​សាធារណៈរដ្ឋបាល

AKP ភ្នំពេញ ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ​២០២០—-

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យស្តីពីការបង្កើត បេឡាជាតិសន្តិសុខសង្គម​ ឱ្យក្លាយ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល​ ដែលសរសេរជា​អក្សរកាត់ថា (ប.ស.ស) និងស្ថិតក្រោម​អាណាព្យាបាល​បច្ចេក​ទេស​​ គឺក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អាណា​ព្យាបាល​ហិរញ្ញវត្ថុ​ គឺ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​នេះបើយោងតាមព្រះរាជក្រឹត្យ។

ក្នុងព្រះរាជក្រឹត្យបានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម   ជា​នីតិបុគ្គល​នៃ​នីតិសាធារណៈ និង​មាន​ថវិកាស្វយ័ត ត្រូវបានធានានូវ​អត្ថិភាពការងារ​ជា​និរន្តរក្នុង​គោល​ដៅ​ការពារផលប្រយោជន៍ផ្នែក​សន្តិសុខ​សង្គមដល់​សមាជិក​របស់​ខ្លួន និង​មានទីស្នាក់ការ​កណ្តាល​ស្ថិតនៅភូមិបន្លាស្អិត សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមាន​សាខា​​នៅតាមខេត្ត​ ក្រុង ស្រុក ខណ្ឌ​តាម​ការ​ចាំបាច់។​

ស្ថាប័ននេះ មានភារកិច្ច​គ្រប់គ្រង និងចាត់ចែងផ្នែកទាំងអស់នៃ​របបសន្តិ​សុខសង្គម ធានា​ផ្តល់​តាវកាលិកសន្តិសុខសង្គម​សម្រាប់​សមាជិក ប.ស.ស ក្នុង​គោល​ដៅ​ជួយ​សម្រាលការលំបាកក្នុង​ជីវភាពនៅពេលជួប ប្រទះហានិភ័យ​ជាយថាហេតុ​​ ដូចជា ជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ និកម្មភាពការងារ មាតុភាព ជំងឺ ឬគ្រោះថ្នាក់​ ព្រមទាំងយថាភាពដទៃផ្សេងទៀត និង​ប្រមូល និង​គ្រប់គ្រងភាគទាន​របប​សន្តិសុខសង្គម​នៃ​ផ្នែកនីមួយៗ ព្រមទាំងប្រភព ចំណូល ដទៃផ្សេងទៀត។

ជាមួយគ្នានេះ​ដែរ ប.ស.ស ត្រូវចុះបញ្ជី និងគ្រប់គ្រងលេខសម្គាល់សមាជិក ប.ស.ស ត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិនៃច្បាប់​ស្តីពីរបបសន្តិសុខសង្គម​ ដោយសហ​គ្រាស គ្រឹះស្ថាន ឬអង្គភាពពាក់ព័ន្ធដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ ប.ស.ស អប់រំ​ផ្សព្វ​​ផ្សាយ និង​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការបង្ការហានិភ័យការងារ និង​បង្ការសុខភាព​សម្រាប់​សមាជិក ប.ស.ស សិក្សា ស្រាវជ្រាវ និង​អង្កេតហានិភ័យការងារ។

លើសពីនេះ​ទៀត ប.ស.ស មាន​ភារកិច្ច​សិក្សា ស្រាវជ្រាវ និង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តស្តីពីការកំណត់​ប្រភេទជំងឺវិជ្ជាជីវៈ ចុះកិច្ចព្រមព្រៀង​ និង​ត្រួត​ពិនិត្យ​ការអនុវត្តកិច្ច​ព្រមព្រៀងជាមួយមូល​ដ្ឋាន​សុខាភិបាល សិក្សា វិភាគ និង​វាយតម្លៃ​ហិរញ្ញវត្ថុលើផ្នែកនីមួយ​ៗនៃរបបសន្តិសុខ​សង្គម អនុវត្ត​ន៍សកម្មភាពពាក់ព័ន្ធនឹង​សុខភាព និង​សង្គម​ ដែលពាក់ព័ន្ធ​នឹង​​អត្ថប្រយោជន៍​នៃសមាជិក ប.ស.ស ចាត់ចែង និង​គ្រប់គ្រងការវិនិយោគមូលនិធិសន្តិ​សុខ​សង្គម។​

គ្រឹះស្ថានសាធារណៈរដ្ឋបាលនេះត្រូវបានដឹកនាំ​ដោយ​ក្រុមប្រឹក្សាភិបាល​មួយ​ដែល​ជា​​អង្គ​ការ​ដឹកនាំខ្ពស់បំផុត និង​មាន​បេសកកម្ម​តម្រង់​ទិសការអនុវត្ត​ និង​ត្រួតពិនិត្យ​សកម្ម​ភាព​​ការងារ​របស់​ ប.ស.ស ក្នុង​ក្របខ័ណ្ឌ​បទប្បញ្ញត្តិនៃព្រះរាជក្រឹត្យនេះ និង​បទប្បញ្ញត្តិនៃ​ច្បាប់​ស្តីពីរបបសន្តិសុខសង្គម​។

ដោយ​ឡែក​ ក្រុមប្រឹក្សាភិបាលនៃប.ស.ស មានចំនួន១១ រូប​ ដោយមាន​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន និងមាន​សមាជិក១០រូប ក្នុងនោះ​តំណាង​ក្រសួង​សេដ្ឋកិច្ច និងហរិញ្ញវត្ថុ ០១រូប តំណាងក្រសួង​មុខងារសាធារណៈ០១រូប តំណាង​ក្រសួង​សុខាភិបាល០​១រូប តំណាង​ក្រសួង​សង្គមកិច្ច​ អតីតយុទ្ធជន និង​យុវនីតិសម្ប​ទា០១រូប តំណាងទីស្តីការគណៈរដ្ឋមន្ត្រី​០១រូប តំណាង និយោជក០២រូប តំណាង​សមាជិក ប.ស.ស ០២រូប និង​អគ្គនាយក ប.ស.ស ដែលជា សមាជិកអចិន្ត្រៃយ៍។​

ក្នុងព្រះរាជក្រឹត្យបានលើកឡើងថា សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស​ ត្រូវ​បានជ្រើសរើសក្នុង​ចំណោមមន្ត្រីរាជការ និង​ឥស្សរជនដែលមាន​លក្ខណៈសម្បត្តិ និង​បទ​ពិសោធន៍ដូចជា មានសញ្ជាតិខ្មែរ បម្រើ​ការ​ងារ​យ៉ាងតិច៥ឆ្នាំ ពុំធ្លាប់ទទួលការផ្តន្ទាទោស​ពីបទមជ្ឈិម ឬបទឧក្រិដ្ឋ និងមាន​សមត្ថភាព​ជំនាញជាអាទិ៍ក្នុង​វិស័យសង្គមកិច្ច​ សេដ្ឋកិច្ច​ សុខាភិបាល ឬនីតិសាស្ត្រ។

សូមបញ្ជាក់ផងដែរថា ក្នុងព្រះរាជក្រឹត្យស្ដីពីការបង្កើតបេឡាជាតិសន្ដិសុខសង្គម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនេះគឺមាន៦ជំពូក និង៣៣មាត្រា ដែលបានចែងអំពីតួនាទី ការទទួលខុសត្រូវ ការដឹកនាំ និងគ្រប់គ្រង ប្រតិបត្តិការងារងារ ព្រមទាំងការការគ្រប់គ្រង ថវិកា និងហិរញ្ញវត្ថុ ដើម្បីផ្ដល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ដម្ភផ្សេងៗដល់បុគ្គលិក មន្រ្ដីរាជការក្នុងក្របខ័ណ្ឌមុខងារសាធារណៈ និងកម្មករ និយោជិតផ្នែកវិស័យឯកជន​ដែល​ជា​សមាជិករបស់ខ្លួន៕  ដោយ៖ទេស ច័ន្ទសុធារី