សត្វកន្ធាយចិញ្ចឹម កំពុងតែមានតំរូវការទីផ្សារខ្ពស់ ស្របពេលដែលប្រជាពលរដ្ឋនិយមទទួលទាន ដោយសាវាមានរស់ជាតិឆ្ងាញ់និងជំនួយសុខភាព

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា ១៧.០៦.២០២០៖

សត្វកន្ធាយចិញ្ចឹម កំពុងតែមានតំរូវការទីផ្សារខ្ពស់ ស្របពេលដែលប្រជាពលរដ្ឋនិយមទទួលទាន ដោយសាវាមានរស់ជាតិឆ្ងាញ់និងជំនួយសុខភាព។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម………………..
លោក ហេង ម៉ាទីណេ ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយវិហារសួគ៌ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា បច្ចុប្បន្នទីផ្សារលក់កន្ធាយចិញ្ចឹមមានភាពធំទូលំទូលាយជាងពីមុន ដោយក្នុងមួយថ្ងៃលក់បានប្រមាណ២០០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមតំលៃ១០ដុល្លារ។ លោក បញ្ជាក់ថា នៅឆ្នាំ២០២០នេះ គ្រោងចិញ្ចឹមអោយបាន២លានក្បាលដើម្បីបំពេញតំរូវការទីផ្សារ ។
សំលេង៖ ក្នុងមួយថ្ងៃយើងលក់បាន២០០គីឡូក្រាម ប៉ុន្តែ២០០គីឡូក្រាមនិង វាមិនទាន់គ្រប់គ្រាន់នៅក្នុងស្រុកយើងទេ អញ្ចឹងបានក្នុងឆ្នាំនេះ ខ្ញុំបានដាក់ទិសដៅចិញ្ចឹមអោយបាន២លានក្បាល ហើយក្នុងឆ្នាំនេះខ្ញុំមានគំរោងដាក់រហូតទៅដល់១០ម៉ឺនសម្រាប់បំរុងទុកនៅពេលខ្វះពិព្រោះយើងមានបទពិសោធន៍ហើយ ឆ្នាំមុនយើងបានបំរុងទុក៥ម៉ឺនក្បាល អត់គ្រាន់ យើងអាចដាក់១០ម៉ឺនក្បាលនៅក្នុងកសិដ្ឋានវិហារសួគ៌នឹង ។
លោកបន្ថែមថា ពាក់ពន្ធ័នឹងការចិញ្ចឹមកន្ធាយនេះ ប្រសិនបើបងប្អូនប្រជាកសិករ មានបំណងចង់ចិញ្ចឹម លោកនឹងផ្តល់ពូជ និងបង្ហាត់បង្រៀនពីបច្ចេកទេសនៃការចិញ្ចឹមកន្ធាយនេះ។ ជាពិសេស លោកនឹងប្រមូលទិញមកវិញក្នុងតំលៃដែលបានព្រមព្រៀងគ្នា។
សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមកន្ធាយ វិហារសួគ៌ ស្ថិតនៅភូមិស្វាយមាស ឃុំវិហារសួរគ៌ ស្រុកខ្សាច់កណ្តាល មានផ្ទៃដីចិញ្ចឹមកន្ធាយជាង ២ហិតាកន្លះ។ ក្រៅពីនៅទីនេះ ក៏មានការចិញ្ចឹម នៅ ខេត្តស្ទឹងត្រែង ពោធិ៍សាត់ កំពង់ឆ្នាំង ត្បូងឃុំ តាកែវ និងខេត្តបាត់ដំបង ផងដែរ ។