ក្រសួងសុខាភិបាល បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាប្រយុទ្ធប្រឆាំងរលកទី២នៃជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ១៧.៦.២០២០៖

ក្រសួងសុខាភិបាលបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់និង រួមគ្នាប្រយុទ្ធប្រឆាំងរលកទី២នៃជំងឺកូវីដ១៩ ដើម្បី ទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាល ក្នុងសហគមន៍។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍……………
ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ឋនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល បានក្រើនរំលឹកម្តងហើយម្តងទៀត ដល់ ប្រជាពលរដ្ឋ ឲ្យអនុវត្តនូវវិធានការណ៍ទប់ស្កាត់ជំងឺCOVID-19នេះ ដោយត្រូវ អនាម័យដៃជាប្រចាំដោយលាងសំអាតឲ្យបានញឹកញាប់ជាមួយនិងសាប៊ូ និងទឹកស្អាត ឬអាល់កុលសម្រាប់លាងដៃ ឬទឹកជេលលាងដៃ ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ ដោយប្រើម៉ាស់កន្សែង ក្រម៉ាឬក្រដាសជូតមាត់ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
លោក បន្តថា បច្ចុប្បន្នបណ្តាប្រទេសមួយចំនួន ជាពិសេសប្រទេសជិតខាងយើង កំពុងមានការកើតឡើងវិញនូវវីរុសកូវីដ១៩ ដែលបាននាំចូលពីក្រៅប្រទេស ដែលនេះហើយជាការព្រួយបារម្ភរបស់កម្ពុជា ។
សំឡេង៖«ដូច្នេះហើយក្រសួងសុខាភិបាលនិងមន្ត្រីជំនាញយើងតែងតែមានការផ្សព្វផ្សាយជាប្រចាំយើងនៅតែប្រឈមមុខនៅរលកទី២ ហានិភ័យយើងនៅខ្ពស់។ នេះហើយដែលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលនិងខិតខំទប់ស្កាត់ ប៉ុន្តែមិនអាចខ្វះខាតពីប្រជាពលរដ្ឋទាំងអស់យើងមិនត្រូវឆ្វេសប្រហែស ឥលូវនេះនៅជុំវិញពិភពលោកមានការកើនឡើងច្រើន ។ដូច្នេះសូមឲ្យប្រជាពលរដ្ឋ ទាំងអស់នៅតែបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសនៅការគំលាតឆ្ងាយពីគ្នា។ហើយសង្ឃឹមថាបងប្អូននៅតែបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កុំឲ្យមានជំងឺកូវីដ១៩នេះនៅក្នុងសហគមន៍»។
សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែ មិថុនានេះ បានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ១៩នៅទូទាំងប្រទេស ចំនួន១២៨នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយសរុប ចំនួន ១២៦នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត មានចំនួន០២នាក់ និងគ្មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ ដ៏កាចសាហាវនេះឡើយ។