អាជ្ញាធរភ្នំពេញនឹងបញ្ចប់បញ្ហាជម្លោះដីធ្លីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវក្នុងពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ១៧ ០៦ ២០២០៖

អាជ្ញាធររាជធានីភ្នំពេញ នឹងបញ្ចប់បញ្ហាជម្លោះដីធ្លីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវឲ្យចប់រួចរាល់នៅពេលឆាប់ៗនេះ បន្ទាប់ពីជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា និងតំបន់បឹងកក់ ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖…
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តដោះស្រាយបញ្ហាជម្លោះដីធ្លីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ឲ្យរួចរាល់ជាស្ថាពរនៅខែក្រោយនេះ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានសំណង សម រម្យ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានឯកឧត្តម លើកឡើងថា ប្រសិនបើគ្មានបញ្ហានយោបាយមកឡូកឡំ ដូចបញ្ហាជម្លោះដីធ្លីនៅរាជធានីភ្នំពេញនាពេលកន្លងមកនោះទេ ការដោះស្រាយនោះនឹងបញ្ចប់ដោយជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាតំាងពីយូរមកហើយ។
សំឡេង៖ «បញ្ហាដីធ្លីតំបន់បឹងកក់បានអនុវត្តដោះស្រាយចប់សព្វគ្រប់ នៅឡើយតែដីអភិវឌ្ឍន៍ឫស្សីកែវ។ នៅប្រហែលមួយខែទៀតនឹងបញ្ចប់ការងារដូចគ្នា។ ការដោះស្រាយក្នុងករណីដែលនៅក្នុងតំបន់ខាងលើនេះ ប្រសិនបើមិនមានបញ្ហានយោបាយឡូកឡំ ហើយអ្នកដោះស្រាយប្រកបដោយតម្លាភាព យើងអាចទទួលជោគជ័យ។ យើងបានជម្រាបប្រជាពលរដ្ឋឲ្យយោគយល់ ហើយបង្កើនការទុកចិត្តមកលើ រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី។ បានជម្រាបជូនខាងលើហើយ គ្មានទល្ហីករណ៍ណា សម្តេចចង់ឲ្យប្រជាពលរដ្ឋជួបនឹងហានិភ័យ និងភាពក្រីក្រទេ។ ចឹងសូមឲ្យបង្កើនការទុកចិត្ត ព្រោះបងប្អូនខ្លះកាន់កាប់ធំ ប្អូនខ្លះកាន់កាប់តូច ប៉ុន្តែយើងសួរថា ជាម៉ែឳឲ្យធំឲ្យតូចអញ្ចឹងកើតអី? គឺអត់យើងត្រូវតម្រឹម ឲ្យបានស្មើៗគ្នា នេះជាការដោះស្រាយតាមបែបសមធម៌ ធ្វើយ៉ាងណាឲ្យបានប៉ុនៗគ្នា ព្រោះអ្នកទាំងអស់នេះក្រកដូចគ្នា »។
យោងតាមរបាយការណ៍របស់រដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រទានកម្មដីសរុប បានចំនួន ២៩ ទីតាំង លើផ្ទៃដីទំហំ ៨២ ហិកតា ដើម្បីប្រគល់ជូនប្រជាពលរដ្ឋប្រមាណ ១ម៉ឺន៨ពាន់គ្រួសារ និងបានបិទបញ្ចប់ទាំងស្រុងរឿងទំនាស់ដីធ្លីរុំារ៉ៃ ដូចជា តំបន់អភិវឌ្ឍន៍បឹងទំពន់ ជើងឯក តំបន់អតីតផ្លូវដែក តំបន់ស្ថានីយបូមទឹកទួលគោក តំបន់ស្ថានីយស្តុកទឹកបឹងត្របែក និងតំបន់មិនរៀបរយមួយចំនួនទៀត៕