សម្ដេចក្រឡាហោម សម្រេចកែសម្រួលឡើងវិញនូវអនុគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា៖

សម្ដេចក្រឡាហោម ស ខេង បានសម្រេចការពិនិត្យ ពិភាក្សាលើការរៀបចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ។
ក្នុងកិច្ចប្រជុំលើកទី១៨ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានមានប្រសាស៍ថា ការសម្រេចរៀបចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប នេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ដោយផ្អែកលើការវិវឌ្ឍន៍ ការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និងផ្អែកលើកិច្ចដំណើរការបំពេញការងារជាក់ស្តែងនាពេលកន្លងមក របស់គ.ជ.អ.ប ដែលមានតួនាទីផ្តល់ យោបល់ក្នុងការរៀបចំគោលនយោបាយ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
សម្ដេចក្រឡាហោម បន្តថា ថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចកែសម្រួលសមាសភាព គ.ជ.អ.ប ដោយក្នុងនោះបានរក្សាទុកនូវសមាជិកចាស់មួយចំនួន និងបន្ថែមនូវសមាសភាពថ្មី ហើយចំាំបាច់ ត្រូវប្រគល់ ភារកិច្ចមួយចំនួនបន្ថែមផងដែរ សម្រាប់គាំទ្រដល់ការដឹកនាំជារួមដោយគ.ជ.អ.ប។
សម្តេចក្រឡាហោម បានបញ្ជាក់ថា បច្ចុប្បន្នអនុគណៈកម្មាធិការចំនួន៤ ដែលបានបង្កើតឡើង ដើម្បីដឹកនាំការ ពិគ្រោះយោបល់លើគោលនយោបាយ និងលិខិតបទដ្ឋាននានា មុននឹងដាក់ជូន គ.ជ.អ.ប ពិនិត្យនឹងសម្រេចនោះ គឺ ពុំបានបំពេញតួនាទីសមស្របទៅនឹងភារកិច្ចរបស់ខ្លួនដែលបានកំណត់នោះឡើយ។ ផ្អែកតាមស្ថានភាព នេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំទៅលេខាធិការដ្ឋាន គ .ជ. អ.ប ឱ្យសិក្សានឹងរៀបចំជម្រើសនានា ក្នុងការរៀប ចំយន្តការទាំងនេះឡើងវិញ ដើម្បីធានាដល់ប្រសិទ្ធភាពនូវការបំពេញការងាររបស់រចនាសម្ព័ន្ធនានា ក្នុងការដឹក នាំកិច្ចការកំណែទម្រង់ គ.ជ.អ.ប។
ចំពោះការរៀបចំ អនុគណៈកម្មាធិការថ្មីនេះ សម្រេចក្រឡាហោម ស ខេ បានបន្ថែមថា គ.ជ.អ.ប បានបង្កើតយន្តការចំនួន២ គឺទី១អនុគណៈកម្មាធិកា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលការ និងយន្តការទី២ គឺក្រុម ការងារ សវកម្មផ្ទៃក្នុង។ ដោយអនុគណៈកម្មាធិការនីមួយៗ មានរដ្ឋមន្ត្រីនៃក្រសួងនីមួយៗជាប្រធានទទួលខុសត្រូវមានតួនាទី សម្រេច គ្រប់យ៉ាងដើម្បីធានាឱ្យកិច្ចដំណើរប្រកបដោយប្រសិទ្ធិភាព ។ជាមួយគ្នានេះ ប្រធានត្រូវជ្រើសរើស រដ្ឋលេខាធិការនៃក្រសួងនោះជាអនុប្រធានអិចិន្ត្រៃយ៍ ដើម្បីជួយសម្រួលកិច្ចការងារដល់រដ្ឋមន្ត្រី ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដែលជាអនុប្រធានអិចិន្ត្រៃយ៍ក៏អាចបើកកិច្ចប្រជុំជំនួសរដ្ឋមន្ត្រីដែលជាប្រធាន ព្រមទាំងអាចសុំគោលការណ៍ណែនាំបានផងដែរ៕